(ភ្នំពេញ)៖ ធ្វើមហាបាតុកម្ម ហេតុអ្វីប្រើភ្លើងទៀន? គ្មានអ្វីគួរឱ្យឆ្ងល់ឡើយ សម រង្ស៊ី និងក្រុមគូកនរបស់ខ្លួន បាននិងកំពុងតែទាញចំណេញនយោបាយពីភ្លើងទៀន ព្រោះភ្លើងទៀនជានិមិត្តសញ្ញាគណបក្ស សម រង្ស៊ី និងបច្ចុប្បន្នប្រែឈ្មោះមកជាគណបក្សភ្លើងទៀន។ មហាបាតុកម្មភ្លើងទៀនដែលរំពឹងថានឹងមានអ្នកចូលរួមតិចតួចព្រោះបងប្អូន ពលករខ្មែរធុញទ្រាន់នឹងការបោកប្រាស់ម្តងហើយម្តងទៀតរបស់ សម រង្ស៊ី និងគូកន និងការដាក់ហិបប្រមូលលុយពីបងប្អូនពលករ និងគ្មានឥទ្ធិពលអ្វីបន្តិចឡើយ ព្រោះវាជាភ្លើងទៀន នៅក្នុងក្អម។ ពន្លឺភ្លើងទៀននេះក៏បាននិងកំពុងរលត់បាត់ទៅហើយដូចចម្រៀងរបស់លោក ព្រាប សុវត្ថិ បានច្រៀង ហើយបន្សល់នៅតែមុខក្រៀមក្រំ ស្រងូតស្រងាត់ដែល សម រង្ស៊ី និងបក្ខពួកខ្លួនមាននៅពេលនេះព្រោះដោយជំងឺបាក់ទឹកចិត្ត អស់សង្ឃឹមថាគ្មានថ្ងៃណាមួយអាចស្តារជីវិតនយោបាយដែលដើរធ្លាក់ ផ្លូវរបស់ខ្លួនឡើងវិញបានឡើយ។

តាមពិត! ការរៀបចំឱ្យមានកិច្ចសមាជអ្នកប្រជាធិបតេយ្យនៅកូរ៉េខាងត្បូង គ្រាន់តែជាការរៀបចំកិច្ចប្រជុំក្នុងរង្វង់សមាជិកក្រុមចលនាសង្គ្រោះជាតិរបស់ សម រង្ស៊ី តែប៉ុណ្ណោះ គ្រាន់តែប្តូរពីបារាំង ឬពីអាមេរិកមកធ្វើនៅកូរ៉េ និងក៏ដើម្បីឆ្លៀតឱកាសប្រមូលលុយពីបងប្អូនកម្មករមួយចំនួនដែលនៅជឿងប់ ងុលលើការបោកប្រាស់របស់សម រង្ស៊ី ដែរ។ ការងាកមកប្រមូលលុយ និងបោកប្រាស់ពលករខ្មែរនៅកូរ៉េ ក៏ព្រោះតែក្រុម សម រង្ស៊ី ដែលបានធ្វើបក្សប្រហារដណ្តើមតំណែងពី កឹម សុខា គ្មានអ្នកគាំទ្រ និងលែងមាន ប្រភពថវិកាដើម្បីទ្រទ្រង់ដល់ជីវភាពរបស់ខ្លួន។ ដូច្នេះមានតែបង្កើតមូលដ្ឋានថ្មីនៅកូរ៉េខាងត្បូងនេះតែម្តង ក្រែងបានកាក់កបខ្លះព្រោះមន្ត្រីសម រង្ស៊ី និយមមួយចំនួនដូចជា មូរ សុខហួរ អេង ឆៃអ៊ាង ឡុង បុត្តា ឡុង រី និងក្រុមយុវជនអត់ការងារធ្វើមួយចំនួនដូចជាអាសង្ហាជាដើម ចាំបាច់ត្រូវការថវិកាដើម្បីបន្តរស់។

ធ្វើមហាបាតុកម្មភ្លើងទៀននៅទឹកដីកូរ៉េ ក៏ជាបង្ហាញថា សម រង្ស៊ី បានបរាជ័យផ្ទួនៗមិនអាចវិល មកគ្រប់គ្រងព្រលឹងខ្មោចគណបក្សសង្គ្រោះជាតិ ដែលសាកសពត្រូវបានបំបែកខ្ទេចខ្ទីអស់នេះហើយទេ។ សម រង្ស៊ី ដោយមាន អេង ឆៃអ៊ាង និងមូរ សុខហួរ ព្រមទាំងអ៊ុង រិទ្ធី ជួយធ្វើបក្សប្រហារដណ្តើមតំណែង ដឹកនាំបក្សពីកឹម សុខា សង្ឃឹមថានឹងអាចផ្តល់ទីតាំងឈរជើងមួយសម្រាប់ជីវិតនយោបាយចុងក្រោយ របស់ខ្លួន ប៉ុន្តែចាប់តាំងពីការបង្កើតចលនាសង្គ្រោះជាតិ រហូតដល់ឡើងធ្វើជាប្រធានស្តីទី នៃខ្មោចគណបក្សសង្គ្រោះជាតិ សម រង្ស៊ី ហាក់ដូចជាយីអ៊ុនដាក់ អារក្ខជាន់ មិនអាចស្រោចស្រង់ជីវិតនយោបាយខ្លួន បានឡើយ។ លើសពីនេះ សម រង្ស៊ី ត្រូវបានក្រុម កឹម សុខា លែងផ្តល់តម្លៃ ជេរប្រមាថ និងចោទថាជា មេបក្សប្រហារថែមទៀតផង។ ដូច្នេះដោយក្តីអស់សង្ឃឹម សម រង្ស៊ី មានតែចាប់ផ្តើមលើកតម្លៃបក្សភ្លើងទៀន របស់ខ្លួនឡើងវិញ និងប្រើប្រាស់និមិត្តសញ្ញាភ្លើងទៀនដើម្បីធ្វើបាតុកម្ម។ ប៉ុន្តែ សម រង្ស៊ី មិនត្រូវភ្លេចទេថា ប្រសិនបើខ្លួនដែលជាទណ្ឌិតទៅពាក់ព័ន្ធនឹងគណបក្សណាមួយ នោះគណបក្សនោះនឹងត្រូវរំលាយតាមច្បាប់ពីព្រោះទណ្ឌិតគ្មានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយឡើយ។

សរុបមកវិញ អ្វីដែលសម រង្ស៊ី និងបក្ខពួកកំពុងតែធ្វើគឺគ្រាន់តែកំដរជីវិតចុងក្រោយរបស់ខ្លួនតែ ប៉ុណ្ណោះ។ សម រង្ស៊ី មូរ សុខហួរ អាយុក្បែរ ៧០ ឆ្នាំទៅហើយ រួតរឹតដោយជំងឺ និងវិបត្តិផ្លូវចិត្ត។ មហាបាតុកម្មរតឹកឡឹកដែលធ្វើនៅល្ងាចថ្ងៃទី២០ ខែមេសា នៅកូរ៉េ ជាការស្វែងរកក្តីសង្ឃឹមឱ្យសម រង្ស៊ី ប៉ុន្តែ នឹងគ្មានតម្លៃ និងគ្មានប្រយោជន៍ឡើយ។ ពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា មិនចាប់អារម្មណ៍នឹងព្រឹត្តិការណ៍នេះផង ប៉ុន្តែពួកគាត់បាននិងកំពុងតាមដានស្តាប់តារាចម្រៀងល្បីៗពីកម្ពុជា ដែលនឹងចូលរួមក្នុងសង្ក្រាន្តនៅកូរ៉េច្រៀងបទ «ទទាយំឆ្លង»។ ក្រុមអ្នកគាំទ្រសម រង្ស៊ី នៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាដែរ ប្រសិនបើដុតទៀន ឬធ្វើអ្វីតាមការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺផ្ទុយនឹងច្បាប់ហើយ និងមានន័យថា ចូលរួមក្នុងសកម្មភាពខុសច្បាប់ ក្នុងផែនការបដិវត្តន៍ពណ៌ដែលដឹកនាំដោយ សម រង្ស៊ី នោះនឹងមិនអាច ចេញពីសំណាញ់ច្បាប់ឡើយ!

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩