(កណ្តាល)៖ ផ្ទះចំនួនជាង ១០ខ្នង បានដួលរលំ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់វាយបំផ្លាញ។
ប៉ុន្តែភ្លាមៗក្រោយមានហេតុការណ៍នេះកើតឡើង នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមការងារអនុសាខាកាកបាទក្រហមស្រុកអង្គស្នួល ដឹកនាំដោយលោក នឹម នីរ៉ាដេត អភិបាល នៃគណៈភិបាលស្រុក បាននាំនៅអំណោយមនុស្សទៅចែកជូនបងប្អូន ដែលបានរងគ្រោះដល់លំនៅដ្ឋាន។
លោក នឹម នីរ៉ាដេត បានចាត់ទុកថា នេះជាគ្រោះធម្មជាតិដ៏អាក្រក់ ហើយក្នុងនាមរដ្ឋបាលស្រុក សូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះបងប្អូនដែលបានខូចខាត និងបាត់បង់ផ្ទះទាំងស្រុង ហើយបាតុភូតទាំងនេះ នៅបន្តដែលបណ្តាលឲ្យងាយរងគ្រោះ ដូច្នេះមានតែបងប្អូននាំគ្នាប្រុងប្រយ័ត្នឲ្យបានខ្ពង់បំផុត។
លោកបានបន្តថា អំណោយមនុស្សនេះគ្រាន់តែដោះស្រាយបន្ទាន់ តែរដ្ឋបាលស្រុក ក្នុងនាមជាប្រធានអនុសាខាកាកបាទក្រហម កំពុងតែអំពាវនាវស្វែងរកសប្បុរសជនដើម្បីនាំនៅថវិកា និងសម្ភារមកដោយស្រាយជូនបងប្អូន ដែលរលំផ្ទះបាក់រាបដល់ដីចំនួន ០៤ខ្នង ក្នុងចំណោមជាង១០ខ្នងបន្ថែម ដើម្បីជួយកាត់បន្ថយការលំបាក រួមទាំងជួយផ្គត់ផ្គង់ប្រចាំថ្ងៃ ទម្រាំការកសាងលំនៅដ្ឋានបានរួចរាល់។
លោកអភិបាលស្រុក បានបញ្ជាក់ថា ជានិច្ចជាកាលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែបានផ្តាំផ្ញើសាកសួរសុខទុក្ខ ចំពោះបងប្អូនទាំងអស់ ដោយក្តី នឹករលឹកដោយបានគិតគូរមិនទុកជនរួមជាតិម្នាក់ណាចោលឡើយ។
លោកបានណែនាំថា សម្រាប់កត្តាធម្មជាតិ ប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការប្រើប្រាស់ភ្លើងគ្រប់ប្រភេទ ហើយត្រូវដាំដើមឈើជុំវិញផ្ទះ ដើម្បីការពារ នៅពេលមានខ្យល់បក់បោកខ្លាំង ត្រូវរកកន្លែងដែលមានសុវត្ថិភាព ព្រោះឆ្នាំនេះ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅពេលមានភ្លៀងធ្លាក់ នឹងមានខ្យល់បក់បោកខ្លាំង ដោយលាយឡំផ្គរ និងរន្ទះផងដែរ៕