(ព្រះវិហារ)៖ លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមពិនិត្យលើទិន្នន័យ ដែលមាននៅក្នុង ឯកសារ នៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬទំនាស់លើទិន្នន័យទាំងនោះក្នុងរយៈពេល១៥ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក ទាំងថ្ងៃបុណ្យទានផ្សេងៗ។
ការអំពាវនាវរបស់ប្រធានមន្ទីររៀបចំដែនដីខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធសម្រាប់ភូមិក្របៅ ឃុំគូលែន និងភូមិបុះ ភូមិព្នៅ ឃុំភ្នំពេញ ស្រុកគូលែន ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។
លោក សំ សារឿន បានបន្តទៀតថា «កិច្ចប្រជុំបិទផ្សាយនៅថ្ងៃនេះ គឺជាដំណាក់កាលទី៣ នៃនីតិវិធី ក្រោយពីបញ្ចប់ការនៅវាលចំពោះរាល់ឯកសារ និងទិន្នន័យក្បាលដីទាំងអស់ និងត្រូវរៀបចំដោយមន្ត្រីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សម្រាប់រៀបចំចេញជាប្លង់សុរិយោដី និងឈ្មោះម្ចាស់ដី សម្រាប់ក្បាលដីនៅក្នុងតំបន់វិនិច្ឆ័យខាងលើ»។
លោក សំ សារឿន ក៏បានបញ្ជាក់ថា សម្រាប់ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលនឹងធ្វើការប្រកាសដាក់ឲ្យដំណើរការនៅពេលនេះ គឺមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៥ល្ងាចប៉ុណ្ណោះ៕