(កំពង់ចាម)៖ ករណីចោទប្រកាន់អធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន បានប្រើប្រាស់អំពើហិង្សាលើជនដែលអុកឡុកកន្លែងរាំធុងបាស នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀមនាពេលកន្លងទៅនោះ នៅពេលនេះលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យបើកការស៊ើបអង្កេត ជុំវិញការចោទប្រកាន់នេះ ដើម្បីឲ្យអស់មន្ទិលសង្ស័យរបស់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម។
លោក ហួត វុទ្ធី បានបញ្ជាក់ក្នុងដីកាបង្គាប់យ៉ាងដូច្នេះថា «យល់ឃើញថា៖ ជាសមត្ថកិច្ចរបស់ លោកស្នងការនគរបាលខេត្តកំពង់ចាម ក្នុងការចុះពិនិត្យបទល្មើស និងចាត់ការស៊ើបអង្កេតរាល់ចំណុចទាំងអស់ ដែលទាក់ទិននៅក្នុងអង្គហេតុនេះ ឲ្យបានជាសំណុំរឿង។ ហេតុដូច្នេះសម្រេច៖ បង្គាប់មកលោកស្នងការនគរបាលខេត្តកំពង់ចាម ចាត់ការស៊ើបអង្កេតបទល្មើសខាងលើ»។
ថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ លោក ហួត វុទ្ធី បានអះអាងថា ការបង្គាប់ឲ្យបើកការស៊ើបអង្កេតលើករណីនេះ ដើម្បីឲ្យមន្ទិលសង្ស័យរបស់មហាជន ជៀសវាងមានការប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងអ្នកអនុវត្តច្បាប់ និងដើម្បីរកការពិតបើរកឃើញត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
លោកព្រះរាជអាជ្ញាធរ បានលើកឡើងយ៉ាងដូច្នេះថា «លោកស្នងការបំភ្លឹ វាមិនគ្រាប់គ្រានទេ ដីកាខ្ញុំខាងលើបើកស៊ើបអង្កេតតែម្តង ដើម្បីឲ្យអស់ការសង្ស័យ ពីមតិមហាជនរកការពិត បើរកឃើញ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់»។
សូមជម្រាបថា ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើការបំភ្លឺ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់តាមបណ្ដាញសង្គមថា កម្លាំងនគរបាលស្រុកកំពង់សៀម បានប្រើប្រាស់អំពើហិង្សាទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យរងរបួស។
លោកឧត្តមសេនីយ៍ទោ ឯម កុសល តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលរបស់លោក មិនបានប្រើប្រាស់អំពើហិង្សាដូចការចោទប្រកាន់ ដែលគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ។
លោកឧត្តមសេនីយ៍ស្នងការ បានអះអាងថា នេះកិច្ចប្រតិបត្តិការបង្ក្រាបករណី គំរាមកំហែង និងបង្កការអុកឡុក កន្លែងរាំធុងបាស់នៅចំណុចក្នុងបរិវេណ វត្តខែលជ័យ ស្ថិតនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនឈ្មោះ ហាក់ សៀង ហាន ភេទប្រុស ស្ថិតក្នុងស្ថានភាពស្រវឹងស្រាហើយបានធ្វើការវាយប្រតាយប្រតបជាមួយកម្លាំងសមត្ថកិច្ច និងប្រជាការពារដែលមានភារកិច្ចការពារនៅទីនោះ ក្នុងពេលកិច្ចប្រតិបត្តិការចាប់ខ្លួន។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបន្ថែមថា រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ដោយមានសំណូមពរ និងការអង្វរកររបស់សាច់ញាតិ ព្រមទាំងម្តាយរបស់ឈ្មោះ ហាក់ សៀងហាន និងដោយមានសំណូមពរពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ឲ្យជួយសម្របសម្រួលធ្វើការអប់រំឈ្មោះ ហាក់ សៀងហាន នៅត្រឹមអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ បន្ទាប់មកលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម បានសុំគោលការណ៍ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បន្ទាប់ពីទទួលបានការអនុញ្ញាតលោកអធិការ បានធ្វើការអប់រំជនសង្ស័យឈ្មោះ ហាក់ សៀងហាន នៅវេលាម៉ោង០៩៖១៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឲ្យត្រឡប់ទៅមូលដ្ឋានវិញ។
ដូច្នេះចំពោះសារបង្ហោះតាមបណ្ដាញសង្គម គឺពុំមានការពិតនោះទេ ប៉ុន្តែក្នុងពេលកិច្ចប្រតិបត្តិការបង្ក្រាប គឺឈ្មោះ ហាក់ សៀងហាន មានសភាពស្រវឹងស្រា ហើយមានការតដៃប្រតាយប្រតប់ជាមួយសមត្ថកិច្ច និងកម្លាំងប្រជាការពារប៉ុណ្ណោះ ក្រៅពីនោះសមត្ថកិច្ចពុំបានវាយធ្វើទារុណកម្មណាមួយទៅលើឈ្មោះ ហាក់ សៀងហាន នោះទេ៕