Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រះសីហនុ ចុះជួបសួរសុខទុក្ខកម្លាំងនគរបាល ដែលរងគ្រោះដោយពលរដ្ឋប្រើហិង្សាគប់ដុំថ្ម

19-04-2019 22:50

(ព្រះសីហនុ)៖ ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ លោក យន្ត មីន អមដំណើរដោយ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោក សៀង សុខ ព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ និងលោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ នៅព្រលប់ថ្ងៃទី១៩ ខែមេសានេះ បានចុះជួបសួរសុខទុក្ខ កម្លាំងសមត្ថកិច្ចនគរបាល ដែលត្រូវរបួសធ្ងន់ ដោយការគប់ដុំថ្មស្រោច ពីសំណាក់ប្រជាពលរដ្ឋ ដែលចូលទៅសង់ផ្ទះ ឬខ្ទមតូច ខុសច្បាប់យ៉ាងអនាធិបតេយ្យ នៅលើដីមានម្ចាស់ស្របច្បាប់ ស្ថិតក្នុងនៅឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រាប់ Fresh News ថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចចម្រុះ ដែលបានចុះអនុវត្តតួនាទី ហើយមិនបានឆ្លើយតប ចំពោះទង្វើគប់ដុំថ្មស្រោចមកលើខ្លួន និងសុខចិត្តព្យាយាមដកថយ ដោយសន្តិវិធី។

លោក យន្ត មីន បានថ្លែងការកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធចម្រុះ ដែលសុខចិត្តដកថយ មិនឆ្លើយតបចំពោះការប្រើហិង្សា មកលើខ្លួន ទោះបីជាប្រជាពលរដ្ឋទាំងនោះ បានប្រើហិង្សាគប់ដុំថ្មស្រោចមកលើខ្លួន រងរបួសធ្ងន់ធ្ងរបែបណាក្តី។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលចូលទៅសង់ផ្ទះនៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ទាំងនោះ មិនត្រូវជឿទៅលើការញុះញង់ របស់មេខ្យល់ ហើយចូលទៅសង់ផ្ទះអនាធិបតេយ្យ នៅលើដីមានម្ចាស់គ្រប់គ្រងនៗទៀតទេ ព្រោះជាទង្វើខុសច្បាប់។

លោកអភិបាលខេត្ត ស្នើដល់ប្រជាពលរដ្ឋ ដែលចូលទៅសង់ផ្ទះខុសច្បាប់លើដីមានម្ចាស់ទាំងនោះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ហើយត្រូវលះបង់មហិច្ចិតា "ឈ្នះបានដី ចាញ់បានលុយ" តទៅទៀត ព្រោះនឹងត្រូវប្រឈមមុខការផ្តន្ទាទោសធ្ងន់ធ្ងរ៕