(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានកោះប្រជុំជាមួយមន្រ្តីជំនាញពាក់ព័ន្ធ លើប្លង់តំបន់អភិវឌ្ឍន៍ប៉ែកខាងត្បូង នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស និងប្លង់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ING ដើម្បីប្រមូលមតិយោបល់មកពិភាក្សា និងសិក្សាឱ្យបានល្អិតល្អន់ មុននិងដាក់បញ្ចូលទៅក្នុងគម្រោងកសាងផ្លូវសាធារណៈ និងប្រព័ន្ធធារាសាស្រ្តថ្មីៗនៃរាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំនោះ មន្រ្តីជំនាញពាក់ព័ន្ធផ្នែកភូមិបាល និងមន្ទីរដែនដីនគររូបនីយកម្ម និងសំណង់ នៃសាលារាជធានីភ្នំពេញ ក៏បានលើកនូវគម្រោងប្លង់ ដែលសិក្សាដោយកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសាលាក្រុងប៉ារីស និងគម្រោងប្លង់អភិវឌ្ឍន៍របស់ក្រុមហ៊ុន ING មកបង្ហាញនិងពន្យល់យ៉ាងល្អិតល្អន់ ក៏ដូចជាបានជម្រាបជូននូវភាពខុសគ្នាខ្លះៗ នៃគម្រោងទាំងនោះ ដើម្បីយកមកពិភាក្សា និងរកធាតុចូលរួមគ្នាមួយ ធ្វើយ៉ាងណាឱ្យការអភិវឌ្ឍន៍ប៉ែកខាងត្បូងរាជធានី អាចប្រព្រឹត្តទៅបានប្រកបដោយប្រសិទ្ធភាព និងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកាត់បន្ថយនូវផលប៉ះពាល់។
លោក ឃួង ស្រេង បានស្នើឱ្យមន្រ្តីបច្ចេកទេស រួមសហការគ្នា ជាមួយមន្រ្តីពាក់ព័ន្ធបន្តសិក្សា ពិគ្រោះយោបល់ឱ្យបានច្បាស់លាស់ និងយកចិត្តទុកដាក់បន្ថែមទៀត ពិនិត្យទៅលើគម្រោងប្លង់ទាំងពី ថាតើមួយណាមានផលប៉ះពាល់តិចជាង ដើម្បីយកមកពិនិត្យជាថ្មី មុននឹងអនុវត្តគម្រោងអភិវឌ្ឍន៍មួយនេះឱ្យទទួលបានជោគជ័យ។
លោកអភិបាល បានបញ្ជាក់ថា រាល់ការអភិវឌ្ឍចៀសមិនផុតពីការប៉ះពាល់ ប៉ុន្តែត្រូវកាត់បន្ថយនូវផលប៉ះពាល់ទាំងនោះ ឱ្យនៅតិចតួចបំផុតតាមតែអាចធ្វើទៅបាន មិនមានន័យថា មានផលបះពាល់មិនអភិវឌ្ឍន៍នោះទេ គឺត្រូវកែសម្រួល ឬកាត់តម្រឹមឱ្យមានតម្លាភាព ពោលគឺយកប្រយោជន៍ជាតិធំជាងប្រយោជន៍បុគ្គល។
លោកក៏បានស្នើឱ្យមន្រ្តីពាក់ព័ន្ធគិតគូជាពិសេស ដោយពិនិត្យលទ្ធភាព រកទីតាំងឱ្យបានត្រឹមត្រូវ បម្រុងទុកសម្រាប់កសាងទ្វារទឹក និងស្ថានីយ៍បូមទឹក ដើម្បីកុំឱ្យមានការជន់លិចនៅក្នុងតំបន់ទាំងនោះ នាពេលអនាគត តាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋភិបាល៕