(ភ្នំពេញ)៖ សារលិខិតរួមសម្រាប់ ទិវាពិភពលោកជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល និងអង្គការសុខាភិបាលពិភពលោក បានអះអាងថា កម្ពុជាមានមហិច្ឆតាធំធេង ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យអស់ពីប្រទេសរបស់ខ្លួន នៅឆ្នាំ២០២៥។ ក្រសួងបានបញ្ជាក់ថា ដំណាក់កាលនេះ គឺជាការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅដំណាក់កាលចុងក្រោយរបស់ប្រទេសកម្ពុជា។

តាមប្រកាសរបស់ក្រសួងសុខាភិបាល និងអង្គការសុខាភិបាលពិភពលោក គឺជំងឺគ្រុនចាញ់ គំរាមកំហែងដល់សុខភាពមនុស្សតាំងពីយូរលង់ណាស់មកហើយ ដែលបានសម្លាប់មនុស្សជាង ៤សែននាក់ជារៀងរាល់ឆ្នាំ។ ប្រទេសកម្ពុជា បានចូលរួមជាមួយប្រទេសជិតខាងរបស់ខ្លួន ដែលស្ថិតនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ ស្របតាមការអំពាវនាវរបស់សកលលោក ដែលជំរុញឲ្យបណ្តាប្រទេសនានា ពង្រឹងការប្តេជ្ញាចិត្ត ដើម្បីបំបាត់ជំងឺគ្រុនចាញ់។

អង្គភាពទាំងពីរបានលើកឡើងថា៖ កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ នៅតែបន្តការតាំងចិត្តក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបានមុនឆ្នាំ២០៣០ ឆ្លើយតបនឹងការអំពាវនាវ នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ស្តីពីការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់។ នៅក្នុងកំឡុងពេលប្រាំឆ្នាំចុងក្រោយនេះ ប្រទេសនានានៅក្នុងអនុតំបន់ បានកាត់បន្ថយចំនួនករណីគ្រុនចាញ់ បានជាងពាក់កណ្តាល និងករណីស្លាប់ បានជាង៨០%។ ប្រទេសកម្ពុជា មានមហិច្ឆតាធំធេង ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ ឲ្យអស់ពីប្រទេសរបស់ខ្លួននាឆ្នាំ២០២៥។

ដើម្បីរំលឹកទិវាពិភពលោកប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២៥ ខែមេសា កម្ពុជានឹងប្រារព្វពិធីដ៏ធំមួយដើម្បីលើកកម្ពស់ ការយល់ដឹងជំងឺគ្រុនចាញ់ នៅថ្ងៃទី២២ ខែមេសា នៅស្រុកកោះញែក ខេត្តមណ្ឌលគីរី ដែលជាតំបន់មួយនៅមានជំងឺគ្រុនចាញ់នៅឡើយ។ ពិធីនេះក្រោមអធិបតីភាពរបស់ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង
រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីបញ្ជាក់ឲ្យឃើញពីការគាំទ្រ និងការជំរុញការងារលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យបានជោគជ័យ៕

ខាងក្រោមនេះជាលិខិតរបស់ក្រសួងសុខាភិបាល៖