(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានលើកឡើងជាថ្មី ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន។ ក្នុងទំនាក់ទំនងនេះ អាមេរិកបានអះអាងថា អ្នកដែលចំណេញខ្លាំងបំផុត ចំពោះភាពជាដៃគូពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ គឺប្រទេសចិន ចំណែកឯកម្ពុជាចំណេញតិចតួចប៉ុណ្ណោះ។
យ៉ាងណាមិញចំពោះការលើកឡើងនេះ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា មិនទាន់មានការឆ្លើយតបភ្លាមៗនៅឡើយទេ នៅយប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩។ អង្គភាពព័ត៌មាន Fresh News ក៏កំពុងព្យាយាមទាក់ទង អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ដើម្បីសុំការឆ្លើយតបចំពោះការលើកឡើងរបស់ស្ថានទូតសហរដ្ឋអាមេរិកនេះផងដែរ។
ស្ថានទូតអាមេរិក បានបញ្ជាក់នៅលើ Facebook របស់ខ្លួន ដោយធ្វើការប្រៀបធៀបយ៉ាងដូច្នេះថា៖ «ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល ៨៧% នៃទំនិញដោះដូរគ្នាគឺជាទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឱ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូចទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ»។
ស្ថានទូតអាមេរិក បានបន្តទៀតថា៖ «នេះគ្រាន់តែជាផ្លូវមួយទៀតដែលប្រទេសកម្ពុជា បានងាកចេញពីយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានតុល្យភាព និងលក្ខណៈចម្រុះច្រើន ទៅរកយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានការពឹងផ្អែកច្រើនទៅលើប្រទេសចិន»។
ការចេញសារវាយប្រហារបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ចំពោះទំនាក់ទំនងកម្ពុជា-ចិន បានធ្វើឡើងបន្ទាប់ពីមហាយក្សចិន និងកម្ពុជា បានពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដែលមេដឹកនាំប្រទេសទាំងពីរ បានចាត់ទុកថា កម្ពុជា-ចិនពេលនេះ បានឈានដល់ភាពជាមិត្តដែកថែប។
នេះគឺជាសារវាយប្រហារលើកទី២ហើយ របស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ដែលបានវាយប្រហារលើចិន ក្នុងឆ្នាំ២០១៩នេះ។ កាលពីចុងខែមករា ឆ្នាំ២០១៩ កន្លងទៅ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានលើកឡើងថា សហរដ្ឋអាមេរិកមិនបានពាក់ព័ន្ធ នៅក្នុងរដ្ឋប្រហារដែលនាំឲ្យលោក លន់ នល់ ឡើងកាន់អំណាចនោះទេ ប៉ុន្តែមានភស្តុតាងយ៉ាងច្រើនដែលបង្ហាញថា រដ្ឋាភិបាលចិនបានគាំទ្រយ៉ាងសកម្មដល់របបខ្មែរក្រហម។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ឆ្លើយតបនឹងស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ ស្ថានទូតមហាអំណាចចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ បានលើកឡើងវិញថា រដ្ឋប្រហារដែលនាំឲ្យកម្ពុជាធ្លាក់ក្នុងភ្លើង សង្រ្កាមរ៉ាំរ៉ៃ អស់រយៈពេលយ៉ាងយូរនោះ មានទាក់ទងនឹង CIA៕