(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅតាមរាជធានី-ខេត្ត និងនៅគណៈកម្មការរៀបចំបោះឆ្នោតរាជធានី-ខេត្ត (គធ.ខប) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩។
បើតាមសេចក្ដីប្រកាសព័ត៌មាន នេះជាការលើកឡើងរបស់លោក ឌុច សុន សមាជិក គ.ជ.ប និងជាប្រធានដឹកនាំអង្គប្រជុំ ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងនីតិវិធីការដាក់ការទទួល និងការដោះស្រាយពាក្យបណ្ដឹង ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង នៅសាលសន្និសីទ គ.ជ.ប ថ្ងៃសុក្រទី១៩ ខែមេសា ឆ្នាំ២០១៩។
លោក ឌុច សុន បានបន្ថែមថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង គឺដើម្បីបម្រើគោលដៅ នៃការពិនិត្យ កែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងការប្តឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។ ជនណាក៏ដោយ ក៏មានសិទ្ធិប្តឹងតវ៉ា ឬ/និងប្ដឹងជំទាស់ទាក់ទង ទៅនឹងបញ្ជីបោះឆ្នោតដំបូងនេះបានដែរ ក្នុងរយៈពេល៥ថ្ងៃ យ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយ។
គ.ជ.ប បានឲ្យដឹងថា ពាក្យបណ្តឹងតវ៉ាអាចធ្វើឡើងអំពីការបាត់ឈ្មោះ ឬសុំប្តូរឈ្មោះរបស់អ្នក បោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាទិន្នន័យមិនច្បាស់លាស់ រីឯពាក្យបណ្តឹងជំទាស់ ធ្វើឡើងដើម្បីជំទាស់ចំពោះបុគ្គលណា ដែលមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ច្រើនជាងមួយកន្លែង៕
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖