(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកចំនួន ៤រូប និងកម្លាំងប្រជាការពារ ២រូប ដែលរងរបួសដោយអំពើហិង្សា ប្រជាពលរដ្ឋគប់ត្រូវនឹងដុំថ្ម ក្នុងអំឡុងពេល ចុះអន្តរាគមន៍បើកផ្លូវជាតិលេខ៤ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បានទទួលថវិកាឧបត្ថម្ភពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិចំនួន ៥លានរៀល តាមរយៈលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាល ខេត្តព្រះសីហនុ។
លោក ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ថវិកាទាំងនេះ ត្រូវបាននាំយកទៅប្រគល់ជូនសមត្ថកិច្ចរងគ្រោះតាមរយៈលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងរូបលោក ដោយនគរបាលចំនួន ៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន១.០០០.០០០រៀល និងប្រជាការពារ ២នាក់ម្នាក់ៗចំនួន៥០០.០០០រៀល។
ចំណែកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានឧបត្ថម្ភថវិកាបន្ថែមចំនួន ៣លានរៀលទៀត ជូនដល់កងកម្លាំងសមត្ថកិច្ច ដែលរងរបួសក្នុងសកម្មភាពចុះអនុវត្តច្បាប់ខាងលើនេះផងដែរ។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែមេសា មកដល់ថ្ងៃទី១៩ ខែមេសានេះ ព្រះរាជាសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះរុះរើសំណង់ផ្ទះខ្ទមតូចៗ ជាង៦០០ខ្ទម ដែលអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ចាត់ទុកថា ជាសំណង់អនាធិបតេយ្យខុសច្បាប់ សង់នៅលើដីមានម្ចាស់កម្មសិទ្ធិ មានទីរាំងនៅម្តុំចំណោតអូរត្រាវ ឃុំបិតត្រាំងស្រុកព្រៃនប់។
សកម្មភាពចុះរុះរើសំណង់ខាងលើនេះ ត្រូវបានប្រជាពលរដ្ឋមួយចំនួន ដែលបានចូលទៅសាងសង់សំណង់ទាំងនោះ បានផ្ទុះការតវ៉ាជំទាស់ និងឈានទៅដល់ការបិទផ្លូវជាតិលេខ៤ ហើយអាជ្ញាធរ ក៏បានចុះអន្តរាគមន៍សម្របសម្រួលសុំកុំប្រជាពលរដ្ឋទាំងនោះបិទផ្លូវជាតិលេខ៤ ព្រោះប៉ះពាល់ដល់ការកកស្ទះការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទឆ្លងកាត់។
ការបិទផ្លូវជាតិលេខ៤នេះ សមត្ថកិច្ចខេត្តព្រះសីហនុ ឲ្យដឹងថា បានឈានដល់ប្រជាពលរដ្ឋផ្ទុះអំពើហិង្សាគប់ដុំថ្មមកលើកម្លាំងសមត្ថកិច្ច បណ្តាលឲ្យរបួសកម្លាំងនគរបាល ៤រូប និងប្រជាការពារ២រូប ព្រមទាំងបាន ខូចខាតរថយន្តចំនួន ៣គ្រឿង។
អំពើហិង្សានេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធអំពើហិង្សានេះចំនួន៨រូប ដើម្បីឈានទៅបន្តនីតិវិធីតាមផ្លូវច្បាប់ជាបម្រទៀត៕