(រតនគិរី)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានបញ្ជួនខ្លួនជនជាតិវៀតណាមចំនួន ១២នាក់ ទៅតុលាការខេត្តរតនគិរី ដើម្បីចាត់ការបន្ត ពាក់ព័ន្ធនាំគ្រឿងចក្រចំនួន ៦គ្រឿងឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជា។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី ក្រោមការបញ្ជាផ្ទាល់ពី លោក ថង សាវុន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនោះ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ អាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ១២នាក់ និងគ្រឿងចក្រ ៦គ្រឿង នៅក្រុមហ៊ុន នុភាពសុភី។
ក្រោយឃាត់ខ្លួន កម្លាំងកងរាជអាវុធហត្ថ បានប្រគល់ ជនជាតិវៀតណាម ចំនួន ១២នាក់ ឲ្យទៅខាង នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី។ ដោយឡែក គ្រឿងចក្រ ចំនួន ៦គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តរតនគិរី បានកំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ រតនគិរី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
តាមការបញ្ជាក់ពីសមត្ថកិច្ច ជនជាតិវៀតណាមទាំង ១២នាក់នេះ និងគ្រឿងចក្រចំនួន ៦គ្រឿង គឺចូលមកដោយខុសច្បាប់តាមច្រកព្រៃ បង្គោលការពារព្រំដែន លេខ១៤ ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ ៥០៥ (ប៉ុស្តិ៍ភូមិចង) ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម តាមរយៈឈ្មោះ សេក វិរៈ តំណាងក្រុមហ៊ុន នុភាពសុភី និងវៀតណាមឈ្មោះ VO NGU YEVSA កាន់អត្តសញ្ញាណប័ណ្ណលេខ ២៣៣១២៤២៣៤។
តាមព័ត៌មានដែលទទួលបាន ករណីខាងលើនេះ មានអ្នកអន្តរាគមន៍ដើម្បីជួយសម្រួលដោះលែងពួកគេក្រៅសំណាញ់ច្បាប់ផងដែរ៕