(ព្រះសីហនុ)៖ គណៈប្រតិភូមន្ទីរឧស្សាហ៍កម្ម និងបច្ចេកវិទ្យាព័ត៌មានខេត្តជាំងស៊ូ ប្រទេសចិន ដឹកនាំដោយលោក ហ្ស៊ី ជីជីង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បានជួបសំដែងការ គួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនៃជំនួបនេះ លោក ហ្ស៊ី ជីជីង បានថ្លែងទៅកាន់អភិបាលខេត្តព្រះសីហនុថា លោកមានចំណាប់អារម្មណ៍ខ្លាំងចំពោះខេត្តព្រះសីហនុ។ លោក ហ្ស៊ី បានបញ្ជាក់ឱ្យដឹងថា ខេត្តជាំងស៊ូទាំងមូល មានសហគ្រាសប្រមាណជាង៤ម៉ឺន លោកចង់ឲ្យសហគ្រាសទាំងនោះ បានមកបណ្តាក់ទុននៅខេត្តព្រះសីហនុ។
តាមរយៈជំនួបជាមួយអភិបាលខេត្តព្រះសីហនុ លោកសន្យានឹងពាំនាំនូវសក្តានុពលរបស់ខេត្តព្រះសីហនុ ទៅធ្វើការផ្សព្វផ្សាយជូនសហគ្រាសទាំងអស់នៅជាំងស៊ូឲ្យ បានដឹងបានយល់ដើម្បីធ្វើទំនាក់ទំនងវិនិយោគទុនជាមួយខេត្តព្រះសីហនុនៅថ្ងៃខាងមុខ។
មួយវិញទៀតស្របទៅតាមគោលនយោបាយរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» រួមទាំងគោលនយោបាយច្បាស់លាស់ និងទំនាក់ទំនងល្អរវាង កម្ពុជា-ចិន ដែលមានស្រាប់ផងនោះ នឹងធ្វើឲ្យអ្នកវិនិយោគទុនមកពីខេត្តជាំងស៊ូកាន់តែមានទំនុកចិត្តក្នុងការមកបណ្ដាក់ទុននៅខេត្តព្រះសីហនុ។
លោកមានជំនឿថា ក្នុងចំណោមសហគ្រាស ៤0, 000 នឹងមានម្ចាស់សហគ្រាសមានចំណាប់អារម្មណ៍ ក្នុងការធ្វើការបណ្ដាក់ទុនរកស៊ីជាមួយខេត្តព្រះសីហនុ។
ជាមួយនេះផងដែរ លោក យន្ត មីន បានជំរាបជូនគណៈប្រតិភូ ពីសក្តានុពលរបស់ខេត្ត និងសំដែងការស្វាគមន៍ចំពោះវិនិយោគិនខេត្តជាំងស៊ូ ដែលចាប់អារម្មណ៍លើទំនាក់ទំនងរកស៊ីនៅខេត្តព្រះសីហនុ។
លោកបញ្ជាក់ជំហរថា ខេត្តព្រះសីហនុ ស្វាគមន៍រាល់អ្នកវិនិយោគមកពីគ្រប់ទិសទីទាំងអស់ឲ្យតែគោរពតាមច្បាប់កម្ពុជា ហើយខេត្តធានាការពារដោយយកច្បាប់ជាគោល៕