(ស្វាយរៀង)៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែចេត្រ ឆ្នាំវក ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អញ្ជើញជាអធិបតីក្នុងពិធីឆ្លងឧបដ្ឋានសាលា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តកន្តរុក្ខារាម ហៅវត្តរមាសហែក ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងនិងលោក លោកស្រីមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង។
លោក ចាប ណុល អភិបាលស្រុកស្តីទី បានលើកឡើងអំពីការរីកចម្រើននានាលើវិស័យសាសនានៅស្រុករមាសហែក ក្នុងនោះ វិស័យព្រះពុទ្ធសាសនានៅទូទាំងស្រុកមានវត្តសរុបចំនួន ៥២វត្ត ព្រះសង្ឃចំនួន ៣៤៥អង្គ ក្នុងនោះភិក្ខុ ១៥០អង្គ សាលាពុទ្ទិកបឋមសិក្សាចំនួន ៤កន្លែង និងមានវិហារសាសន៍គ្រីស្ទចំនួន ១៧កន្លែង និងបរិស័ទគ្រីស្ទចំនួន ៤១៨នាក់។
ស្ថិតក្នុងបរិយាកាសរីករាយនោះផងដែរ ទេសរដ្ឋមន្រ្តី បានកោតសរសើរដោយស្មោះ និងសូមវាយតម្លៃខ្ពស់ចំពោះគំនិតផ្តូចផ្តើម និងកិច្ចខិតខំប្រឹងប្រែងរបស់លោក អ៉ិន វីសាអ៊ុម និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងលោក ចាន់ អ៊ាន និងក្រុមគ្រួសារ ព្រះគ្រូចៅអធិការ ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា និងផ្តល់វិភាគទានយ៉ាងច្រើនកសាង បានជាស្ថាពរ នូវឧបដ្ឋានសាលាមួយខ្នងដែលមានបណ្តោយ៣៣ម៉ែត្រ និងទទឹង២១ម៉ែត្រ ដែលចំណាយថវិកាចំនួន២៣៦,៩៥៤ដុល្លារ និងសមិទ្ធផលផ្សេងៗជាច្រើនទៀត។
ទេសរដ្ឋមន្ត្រី បានថ្លែងថា វត្តទាំងអស់នៅកម្ពុជា ក៏ដូចជាវត្តរមាសហែក ត្រូវបានបំផ្លិចបំផ្លាញដល់ឬសគល់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ស្ថិតក្នុងដំណាក់កាលនោះហើយ គឺមានតែគណបក្សប្រជាជនកម្ពុជា ដែលហ៊ានក្រោកឈរឡើងតស៊ូ និងបូជាអ្វីៗ គ្រប់បែបយ៉ាង ដើម្បីរំដោះន្រទេសឱ្យរួចផុតពីរបបខ្មៅងងឹត។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាយើង បានវិលត្រឡប់មករស់ជាមួយក្រុមគ្រួសារឡើងវិញប្រកបដោយសេចក្តីសោមនស្សរីករាយគ្រប់គ្នា។
រាជរដ្ឋាភិបាលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា សមិទ្ធផលទាំងឡាយដែលយើងទទួលបាននៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលបានជួសជុល និងកសាងឡើងវិញជាបន្តបន្ទាប់នៅទូទាំងប្រទេស។ ម្យ៉ាងវិញទៀត ទីវត្តអារាមមិនគ្រាន់តែជាទីសក្ការៈសម្រាប់ការគោរពបូជាតាមផ្លូវជំនឿសាសនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាលនូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់ សាមគ្គីគ្នាតាមផ្លូវអាណាចក្រទៀតផង។
ក្នុងន័យនេះដែរ ទេសរដ្ឋមន្រ្តី សូមអំពាវនាវដល់លោក លោកស្រី និងបងប្អូនសប្បុរសជនទាំងអស់ សូមបន្តរួមគ្នាលើកស្ទួយ និងបន្តកសាងសមិទ្ធផលនានាថ្មីៗបន្ថែមទៀតទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ដើម្បីភាពរីកចម្រើនរុងរឿង នៃសង្គមជាតិយើងទៅមុខបន្តទៀត។
ក្នុងនោះផងដែរ ទេសរដ្ឋមន្ត្រី ប្រគេន និងឧបត្ថម្ភជូន ព្រះសង្ឃចំនួន ៧អង្គ ក្នុង១ អង្គទេយ្យទាន១កញ្ចប់ បច្ច័យ៥ម៉ឺនរៀល លោកយាយលោកតាចំនួន២០នាក់ ក្រណាត់ស១ដុំ ថវិកា ៥ពាន់រៀល ក្រុមប្រឹក្សាឃុំ៨នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប៉ូលីសចំនួន៩នាក់ ប៉េអឹម ៥នាក់ យោធាចំនួន៥នាក់ គ្រូពេទ្យ៣នាក់ ប្រជាការពារចំនួន៥០នាក់ក្នុង១នាក់៥ម៉ឺនរៀល និង២លានរៀលសម្រាប់ការកសាងក្នុងវត្ត៕