(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉ន យុទ្ធវិធីថ្មើជើងថ្នាក់កងអនុសេនាតូច កងអនុសេនាធំ ប្រចាំឆ្នាំ២០១៩ និងសម្ពោធដាក់ឲ្យប្រើប្រាស់អគារគិលានដ្ឋាន ០១ខ្នង និងសមិទ្ធផលនានា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា ការងារហ្វឹកហ្វឺនរបស់កងយោធពលខមរភូមិន្ទ គឺមានសារៈសំខាន់ចាំបាច់ណាស់ និងជាកាតព្វកិច្ចរបស់កងទ័ព ដើម្បីពង្រឹង និងបង្កើនសមត្ថភាព បណ្តុះឆន្ទៈមោះមុត ភាពអង់អាចក្លាហាន និងភាពអំណត់តស៊ូព្យាយាម ដែលជាលក្ខណៈពិសេសរបស់កងទ័ព ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រក្សាសន្តិភាព និងស្ថិរភាពសង្គម។
«ជាក់ស្តែង វគ្គហ្វឹកហ្វឺនដែលយើងកំពុងប្រារព្ធពិធីបើកនាឱកាសនេះ គឺជាការអនុវត្តផែនការស្តីពីការងារហ្វឹកហ្វឺនកងទ័ពជើងគោក ឆ្នាំ២០១៩ ដោយក្នុងនោះ ការងារហ្វឹកហ្វឺនត្រូវបានចាត់ទុក ជាការងារអាទិភាពចាំបាច់ ដែលត្រូវដំណើរការបន្តបន្ទាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។ នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
បើតាមឧត្តមសេនីយ៍ឯក វគ្គហ្វឹកហ្វឺននេះពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការក្នុងការពង្រឹងយន្តការគ្រប់គ្រងដឹកនាំបញ្ជាឱ្យមានប្រសិទ្ធិភាព និងធ្វើឱ្យយោធិនយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិដោយស្មោះត្រង់ដាច់ខាតក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក និងយោធភូមិភាគទី៣ ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់។ ដូច្នេះ សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់រៀនសូត្រ ក្រេបជញ្ជាក់យកទាំងចំណេះដឹង និងបទពិសោធន៍ល្អៗពីយោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ និងក្លាយខ្លួនជាយោធិនឆ្នើមរបស់អង្គភាព។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់កងទ័ព អតីតយុទ្ធជន កម្មករ កម្មការនី ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងបន្តថា កម្លាំងអន្តរាគមន៍របស់តំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ បានចូលរួមសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយនានា និងបានចាត់តាំងប្រឡងប្រណាំង ០៥ខ្លឹមសារ ជាពិសេសការកសាងអង្គភាព ការចិញ្ចឹមសត្វ និងបង្កបង្កើនផល ដើម្បីបំពេញបន្ថែមក្នុងការចិញ្ចឹមទ័ព បន្ថែមលើរបបហូកចុកប្រចាំថ្ងៃបានល្អប្រសើរផងដែរ។ លោកបន្តថា លទ្ធផលដែលទទួលបានទាំងអស់នេះ គឺពិតជាបានមកពីការខិតខំប្រឹងប្រែង និងការសាមគ្គីសហការជាធ្លុងមួយរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់គ្នា ជាពិសេសថ្នាក់ដឹកនាំអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ដឹកនាំបញ្ជាប្រកបដោយប្រសិទ្ធភាព តាមផែនការរបស់យោធភូមិភាគទី៣ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។
មេបញ្ជាការកងទ័ពជើងគោករូបនេះ បានបញ្ជាក់បន្តថា «អ្វីដែលយើងចាំមិនភ្លេច គឺក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី យោធភូមិភាគទី៣ បានធ្វើជាប្រតិបត្តិករដ៏មានប្រសិទ្ធិភាពលើ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលនេះគឺជាការរួមចំណែកមួយយ៉ាងសំខាន់របស់អាជ្ញាធរដែនដី កងកម្លាំង ប្រដាប់អាវុធ ជាពិសេសតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក្នុងការធ្វើឱ្យសម្រេចជោគជ័យនៃឆ្នួនផ្ទុះ នៃនយោបាយឈ្នះ-ឈ្នះ សម្រេចបាននូវសន្តិភាពពេញលេញជាប្រវត្តិសាស្ត្រ និងការអភិវឌ្ឍជាតិសម្រាប់ប្រជាជនកម្ពុជា»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានសំណូមពរ និងលើកទឹកចិត្តឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ទាំងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក៏ដូចជាគ្រប់បណ្តាអង្គភាពចំណុះយោធភូមិភាគទី៣ ដោយត្រូវបន្តយកចិត្តទុក្ខដាក់អនុវត្តផែនការការងារឆ្នាំ២០១៩ ឱ្យបានសម្រេចជោគជ័យទៅតាមលទ្ធផល ដែលរំពឹងទុក ហើយមេបញ្ជាការគ្រប់ជាន់ថ្នាក់ត្រូវសង្កត់ធ្ងន់លើការពង្រឹងគុណភាពហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប្រចាំ ដើម្បីលើកម្ពស់សមត្ថភាពប្រយុទ្ធ ត្រៀមប្រយុទ្ធដល់យោធិន ក្នុងនោះត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ពពេលហ្វឹកហ្វឺន ធានាសន្តិសុខ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារគ្រឿងបំពាក់ឱ្យបានល្អប្រសើរ សំដៅធានាការកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត៕