(សៀមរាប)៖ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាដួងព្រលឹងជាតិខ្មែរ អាជ្ញាធរជាតិអប្សរា បានប្រកាន់ខ្ជាប់នូវគោលការណ៍ពីរសំខាន់ គឺការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលចាំបាច់ត្រូវដើរទន្ទឹមគ្នា និងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ផ្តោតលើគោលការណ៍ខាងលើ សមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនបានរំលេចចេញ តាមរយៈការជួសជុល និងអភិរក្សប្រាង្គប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ដូចគ្នាដែរ ការកសាងហេដ្ឋារចនាសម្ពន្ធរូបវន្តដូចជា ផ្លូវថ្នល់ ស្ពាន ប្រឡាយទឹកជាដើម ក៏បានបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរ និងសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋម្ចាស់ស្រុក។
ជាក់ស្តែង នាដើមឆ្នាំ២០១៩នេះ អាជ្ញាធរជាតិអប្សរាបានកែលម្អររួចរាល់ផ្លូវវង់ធំបាន ១០គីឡូម៉ែត្រ និងផ្លូវផ្សេងទៀតជាច្រើន ហើយក៏កំពុងបន្តការជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ចេញពីផ្លូវជាតិលេខ៦ ទៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងផ្លូវពីព្រលានយន្តហោះមកអង្គរវត្តជាដើម។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាមានផែនការកែលម្អផ្លូវទាំងអស់ក្នុងរមណីយដ្ឋានអង្គរ ឱ្យរួចរាល់ជាស្ថាពរក្នុងឆ្នាំ២០២០។
លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការកសាងផ្លូវថ្នល់នានាក្នុងតំបន់អង្គរ មានលក្ខណៈពិសេសខុសប្លែកពីកន្លែងដទៃទៀត ដោយត្រូវគោរពតាមបទដ្ឋានបេតិកភណ្ឌអន្តរជាតិ និងយកចិត្តទុកដាក់ថែរក្សាទេសភាពវប្បធម៌ និងលក្ខណៈដើមនៃរមណីយដ្ឋាន ជាពិសេសគិតគូរដល់ផលប៉ះពាល់ផ្នែកបុរាណវិទ្យា បរិស្ថាន និងធម្មជាតិ។
ការកសាងផ្លូវនីមួយៗតែងតែមានការធ្វើកំណាយបង្ការបុរាណវិទ្យាជាមុន ហើយទំហំផ្លូវក្រាលកៅស៊ូជាទូទៅមិនឱ្យលើសពី ៦ម៉ែត្រឡើយ។
ម្យ៉ាងទៀត អាជ្ញាធរជាតិអប្សរា ក៏ត្រូវគិតគូរខ្ពស់ ដើម្បីបញ្ជៀសការរំញ័រដល់ប្រាង្គប្រាសាទបណ្តាលមកពីការចរាចរយានយន្ត ការបំពុលបរិស្ថានដោយផ្សែងរថយន្ត សុវត្ថិភាពរបស់អ្នកធ្វើដំណើរដោយបែងចែកផ្លូវកង់ ម៉ូតូ រថយន្ត និងរក្សាភាពបៃតងក្នុងរមណីយដ្ឋានអង្គរផងដែរ៕