(ភ្នំពេញ)៖ ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧ ៣០នាទីព្រឹក។ ពិធីនេះនឹងធ្វើឡើងនៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមអធីបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។
លោក ប៉ាង ចំណាន មន្រ្តីទូរទស្សន៍ជាតិកម្ពុជា និងជាមន្រ្តីរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ បានឱ្យ Fresh News ដឹងថា ការប្រកួតប្រជែងសម្រាប់ឆ្នាំ២០១៩នេះ មានការចូលរួមពីសំណាក់ក្រុមនិស្សិតចំនួន ១០ក្រុម មកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន៥ មានដូចជា៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។
សូមបញ្ជាក់ថា ការរៀបចំឱ្យមានការប្រកួតរ៉ូបូតថ្នាក់ជាតិនេះ មានបំណងផ្តល់ឱកាសដល់និស្សិតក្នុងការបញ្ចេញសមត្ថភាពលើការយកទ្រឹស្តីដែលខ្លួនកំពុងរៀននៅសាលាមកអនុវត្តន៍ជាក់ស្តែង ដើម្បីសម្រួចសមត្ថភាព និងបង្កើតធនធានមនុសុ្សលើវិស័យរ៉ូបូត ដែលអាចត្រូវការយ៉ាងសំខាន់លើវិស័យផ្សេងៗនៅកម្ពុជានៅថ្ងៃអនាគត។
បើតាមលោក ប៉ាង ចំណាន ព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី៦នេះ នឹងអនុញ្ញាតឱ្យចូលរួមទស្សនាដោយសេរី៕