(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់កម្លាំងនគរបាល ទូទាំងប្រទេស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ដើម្បីចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម បានយ៉ាងល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបកន្លងផុតនាពេលថ្មីៗនេះ។
លើសពីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បាននាំនូវការផ្ដាំផ្ញើថ្លែងអំណរគុណ និងការកោតសរសើរពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលទាំងអស់ផងដែរ ដែលបានបំពេញការងារបានយ៉ាងល្អប្រសើរ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នង ការរងនគរបាលជាតិ ក្រោយបញ្ចប់កិច្ចប្រជុំនេះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «តាមរយៈនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងនគរបាលជាតិ និងតាមរយៈឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បាននាំនូវសារ កោតសរសើរពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ដែលបានចេញសារថ្លែងនូវការកោតសរសើរ ដល់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំប្រឹងប្រែងលះបង់ទាំងមនោសញ្ចេតនា ទាំងពេលវេលា ទាំងកម្លាំងកាយចិត្ត ដើម្បីការពារស្ថិរភាព សុវត្ថិភាពសន្ដិសុខ ជូនប្រជាពលរដ្ឋសម្រាប់ឱកាសបុណ្យចូលឆ្នាំនេះ»។
ក្នុងកិច្ចប្រជុំដកពិសោធន៍កិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅសាលប្រជុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំ ដល់ស្នងការរាជធានី-ខេត្ត និងប្រធាននាយកដ្ឋានជំនាញទាំងអស់ ត្រូវឆ្លាស់វេន មន្រ្តីនគរបាល ដែលបានប្រចាំការនៅក្នុងថ្ងៃចូលឆ្នាំនោះ បានឈប់សម្រាក ដើម្បីជួបជុំក្រុមគ្រួសារ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នង ការរងនគរបាលជាតិ ក្រោយបញ្ចប់កិច្ចប្រជុំនេះបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «នេះជាគោលការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ដោយសារជាការលើកទឹកចិត្តដល់កងកម្លាំង ប៉ុន្ដែការងារឈប់ជាក់ស្ដែង អាស្រ័យទៅលើប្រធាននាយដ្ឋាន អង្គភាពជំនាញ និងស្នងការរាជធានី-ខេត្តទាំងអស់ ដែលគាត់ពិនិត្យមើល និងបែងចែកជាក់ស្ដែងកម្លាំងធ្វើការងារ»។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានណែនាំ និងស្នើដល់គ្រប់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ ត្រូវយកបទពិសោធន៍ដ៏ល្អនៅឆ្នាំ២០១៩នេះ ដើម្បីបន្ដអនុវត្តនៅឆ្នាំក្រោយៗទៀត នេះមានន័យថា ផែនការ វិធានការដែលកម្លាំងចាត់ចែងបានល្អ ត្រូវយកមកធ្វើបច្ចុប្បន្នភាពបន្ថែម ហើយចំណុចខ្វះខាត ឬចន្លោះប្រហោងត្រូវលុបបំបាត់ចោល។
យោងតាមរបាយការណ៍វាយតម្លៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ រវាងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ សភាពការណ៍ព្រំដែន, សភាពការណ៍សន្តិសុខមានលក្ខណៈស្ងប់ស្ងាត់ល្អប្រសើរ បើទោះបីជាមានគ្រោះថ្នាក់សង្គមកើតឡើងខ្លះ ពាក់ព័ន្ធនឹងកត្តាចរាចរណ៍ ដែលបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិត៣៨នាក់ ក្នុងពេលបុណ្យចូលឆ្នាំខ្មែរ ទាំង៣ថ្ងៃនេះក៏ដោយ៕