(ភ្នំពេញ)៖ ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាព ប្រជាពលរដ្ឋ នៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំយករថយន្តពិសោធន៍ចល័ត ចុះធ្វើការត្រួតពិនិត្យ ផលិតផលចំណីអាហារនៅក្នុងផ្សារចំនួន ០៥ រួមមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែរច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង រកមិនឃើញផលិតផលណាមួយ មានសារធាតុគីមីឡើយ,តែបានរកឃើញ ប្រហិតចម្រុះ ជិត១៥គីឡូក្រាម ហួសកាលបរិច្ឆេទ ធ្វើកំណត់ហេតុដកហូត។
លោក ប៊ុន ចំរើន ប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ បានយកគំរូផលិតផលចំនួន ៦៧គំរូ នៃផលិផលចំណីអាហារមកធ្វើការវិភាគ រួមមាន៖ គ្រឿងសមុទ្រ មានបង្គារ មឹក បង្គារក្រៀម យាហ៊ឺ បន្លែ មានត្រសក់ សាឡាត់ គល់ស្លឹកគ្រៃ ស្លឹកគូឆាយ ឆៃថាវ បន្លែផ្ទី ប៉េងប៉ោះ ដើមណាត់ណា សណ្តែកបណ្តុះ ត្រប់ស្រួយ ប្រហុក ម្រះ ម្ទេសប្លោក ឈាមជ្រូក ជ្រក់ត្រពាំង ជ្រក់ស្ពៃ ត្រសក់ជ្រក់ គ្រឿងបុក ជាដើម គឺ រកមិនឃើញផលិតផលណាមួយ មានសារធាតុគីមីហាមឃាត់ឡើយ ។
នៅក្នុងឱកាស ចុះផ្សារច្បារអំពៅខាងលើ ក្រុមការងាររបស់លោក បានរកឃើញប្រហិតចម្រុះ ជិត១៥គីឡូក្រាម ខូចគុណភាព និងហួសកាលបរិច្ឆេទ ត្រូវបានក្រុមការងារធ្វើកំណត់ហេតុ និងអប់រំ ដល់ម្ចាស់អាជីវករ ដកហូតយកទុកដុតកំទេចចោល ដោយក្នុងប្រហិតចម្រុះ របស់ក្រុមហ៊ុនស៊ីភី ចំនួន ៥គីឡូក្រាម និងប្រហិតរបស់ក្រុមហ៊ុនថៃជាង៩គីឡូក្រាម។
ជាមួយគ្នានោះដែរ អាជីវករក្នុងផ្សារក៏បានសំណូមពរ ឲ្យសមត្ថកិច្ចពាក់ព័ន្ធឈរជើងត្រួតពិនិត្យទាំងអស់នៅតាមព្រំដែន ចំពោះទំនិញនាំចូលសុំអោយបង្កើន ការយកចិត្តទុកដាក់ ត្រួតពិនិត្យ ដូចមន្រ្តីដែលបានចុះមកត្រួតពិនិត្យតាមផ្សារអីចឹង ដើម្បីអោយមានទំនុកចិត្តទាំងអស់គ្នា។
លោកប្រធានសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការទាំងអស់នេះ ត្រូវបានអនុវត្តជាប្រចាំនៅតាមបណ្តាមូលដ្ឋាន ទទួលខុសត្រូវ របស់សាខាទូទាំង រាជធានី ខេត្ត ក្រុង ក្រោមការចង្អុលបង្ហាញ យ៉ាងយកចឹត្តទុកដាក់ពីថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកាំកុងត្រូល និងថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម។
នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីកាំកុងត្រូលបានធ្វើការពន្យល់ណែនាំដល់អាជីវករ អោយធ្វើការដាក់តាំងលក់ផលិតផល អោយបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការលាយដាក់ សារធាតុគីមីហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់ បន្តត្រូវស្គាល់ប្រភពអោយច្បាស់ ទាំងឈ្មោះ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើល ថ្ងៃខែឆ្នាំផលិត និងថ្ងៃខែឆ្នាំ (កាលបរិច្ឆេទ) ផុតកំណត់។
ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករមានការសាទរចំពោះការយកចិត្តទុកដាក់ការត្រួតពិនិត្យ និងការអប់រំរបស់មន្រ្តីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាព របស់ពួកគាត់ផងដែរ៕