(កំពង់ធំ)៖ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកន្លងទៅថ្មីៗនេះ កំណើននៃការលក់ដូរ និងកំណើនប្រជាជនក្នុងខេត្តកំពង់ធំ មានការកើនឡើងយ៉ាងច្រើន ធ្វើឲ្យសំរាមនៅតាមទីកន្លែងស្តុកមួយចំនួន មានភាពកើនឡើងផងនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានដឹកនាំមន្រ្តីរាជការចំណុះសាលាក្រុង និងមានការសហការពីក្រុមហ៊ុនម៉ៅការសំរាម ចុះធ្វើការប្រមូលសំរាម ដែលកកស្ទះនៅតាមទីកន្លែងស្តុកសំរាម មិនបានដឹកជញ្ជូនចេញក្នុងឱកាសពិធីចូលឆ្នាំប្រពៃណីជាតិ ដើម្បីកុំឱ្យជះក្លិនមិនល្អដល់ពលរដ្ឋ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលក្រុងស្ទឹងសែន ក៏បានសូមការអធ្យាស្រ័យ ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលផលប៉ះពាល់នូវក្លិនមិនល្អ ដែលចេញពីតាំងស្តុកសំរាមនេះ ប៉ុន្តែទោះបីយ៉ាងណាក្តី លោកនឹងខិតខំជំរុញឲ្យក្រុមហ៊ុនម៉ៅការសំរាម ធ្វើការដឹកជញ្ជូនឲ្យបានឆាប់រហ័ស និងមិនឲ្យមានការកកស្ទះទៀតនោះទេ។
លោកបញ្ជាក់បន្ថែមថា ចំពោះប្រព័ន្ធលូបង្ហូររំដោះទឹកភ្លៀង និងទឹកប្រើប្រាស់របស់បងប្អូនអាជីវករ ដែលកំពុងមានការកកស្ទះ នៅតាមផ្លូវក្នុងបរិវេណផ្សារកំពង់ធំ លោកអភិបាលនឹងបញ្ជារឲ្យភាស៊ីផ្សារ និងអាជ្ញាធរសង្កាត់ ជួយដោះស្រាយជាបន្ទាន់ ដើម្បីការពារការចម្លងមេរោគ ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋមកទិញឥវ៉ាន់ និងបងប្អូនអាជីវករផងដែរ។
ទន្ទឹមនេះលោកអភិបាលក្រុង បានសំណូមពរដល់អាជីវករទាំងអស់ឲ្យចូលរួម វេចខ្ចប់សំរាម និងកាកសំណល់ ទុកដាក់ឲ្យបានត្រឹមត្រូវ ចៀសវាងកាកសំណល់ហូរចូលលូរំដោះទឹក ដែលនាំឲ្យកកស្ទះបន្តទៀត ជាពិសេសសូមឲ្យប្រជាពលរដ្ឋទាំងអស់កុំយកសំរាម ទៅបោះចោលនៅតាមទីវាលឬតាមផ្លូវ និងទីសាធារណៈផ្សេងៗ ព្រោះបរិស្ថានស្អាត គឺផ្តើមចេញពីខ្លួនឯងម្នាក់ៗ និងជាកិច្ចការយើងទាំងអស់គ្នា ក្នុងការធ្វើឲ្យបរិស្ថានទីក្រុងស្ទឹងសែនបានស្អាត អាចទទួលបានជ័យលាភីរំដួលបីទង នៃទិវាទីក្រុងស្អាតនាពេលខាងមុខ៕