(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និង មន្រ្តីបច្ចេកទេសរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំខាងលើនេះ បានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដោយបានពិភាក្សា លើរបៀបវារៈដូចខាងក្រោម៖
១៖ វិធានការចាំបាច់ ដើម្បីលើកស្ទួយវិស័យទេសចរណ៍,
២៖ ការជំរុញលើកទឹកចិត្ត ដល់គោលនយោបាយទេសចរណ៍ផ្ទះទី២ សម្រាប់ទេសចរវ័យចំណាស់
៣៖ ការរៀបចំផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរី ឲ្យទៅជាតំបន់ទេសចរណ៍សមាហរណពិសេស និងការរៀបចំផែនការមេ និងផែនការសកម្មភាពជំរុញអភិវឌ្ឍខេត្តកែប ទៅជាតំបន់ទេសចរណ៍ធម្មជាតិ។
ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាចន្ទល់ទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ឲ្យកាន់តែរឹងមាំនិងនិរន្តរភាព និងដោយផលិតផលទេសចរណ៍កម្ពុជា នៅមានកម្រិត បើធៀបនឹងប្រទេសជិតខាងក្នុងតំបន់, កម្ពុជា ត្រូវធ្វើពិពិធកម្មផលិតផលទេសចរណ៍ជាចាំបាច់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសទេសចរណ៍ បែបវប្បធម៌ និងធម្មជាតិ ដែលជាផលិតផលឈានមុខរបស់កម្ពុជា។
ក្រសួងទេសចរណ៍ បានរៀបចំវិធានការ ក្នុងការលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈ ការអភិវឌ្ឍផលិតផលទេសចរណ៍, ការលើកកម្ពស់សេវាមួយស្តង់ដារមួយ, បុគ្គលិកម្នាក់ជំនាញមួយ និង ទេសចរណ៍វៃឆ្លាត (Smart Tourism) ជាដើម។
លើកកម្ពស់សេវាមួយ ស្តង់ដារមួយ គឺជាបទដ្ឋាននៃសេវាទេសចរណ៍ ឲ្យស្របតាមស្តង់ដារអាស៊ាន ស្របពេលដែលទស្សនវិស័យ នៃបុគ្គលិកម្នាក់ជំនាញមួយ ជាការគិតគូរថ្មីសំដៅរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការង្កើនចំនួន និងគុណភាព នៃសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍។
ជាមួយគ្នានេះ ការអភិវឌ្ឍវិស័យទេសចរណ៍វៃឆ្លាត សំដៅដល់ធ្វើឌីជីថលរូបនីយកម្ម (Digitalization) ក្នុងដំណើរការនៃការគ្រប់គ្រង និងអភិវឌ្ឍវិស័យទេសចរណ៍, ការធ្វើដំណើរ, បដិសណ្ឋារកិច្ច, និងឧស្សាហកម្មម្ហូប-អាហារ ជាដើម។
វិធានការខាងលើ ត្រូវគាំទ្រដោយអភិក្រម៤ ដែលជាគោលការណ៍គ្រឹះ នៃផែនការអភិវឌ្ឍវិស័យទេសចរណ៍ រួមមាន៖ ការពង្រឹងយន្តការស្ថាប័ន, ការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេស និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍។
ជាលទ្ធផល, អង្គប្រជុំ បានគាំទ្រចំពោះវិធានការ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងបានស្នើឲ្យគ្រប់ក្រសួង-ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ចូលរួម និងគាំទ្រ នៅគ្រប់យន្តការទាំងអស់ រួមទាំងយន្តការ គណៈកម្មាធិការ និងក្រុមការងារដែលមានជាធរមាន ដើម្បីសម្រួលដល់ការប្រតិបត្តិ អភិវឌ្ឍវិស័យទេសចរណ៍មានប្រសិទ្ធិភាពខ្ពស់ និងប្រកបដោយស័ក្តសិទ្ធភាព ។
តាមស្មារតីនៃអនុក្រឹត្យលេខ ៤០ អនក្រ.បក ស្តីពីតំបន់ទេសចរណ៍ពិសិដ្ឋ ចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ កន្លងមក, អង្គប្រជុំ គាំទ្រចំពោះគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ និងបានលើកទឹកចិត្ត ឲ្យមានការសិក្សា ស៊ីជម្រៅមុន នឹងឈានដល់ការអនុវត្តគម្រោងពាក់ព័ន្ធនានា ដោយមានការគិគូរបង្កើតជាយន្តការ និងនីតិវិធីជាកញ្ចប់ សំដៅសម្រួល និងបង្កើនប្រសិទ្ធភាព នៃដំណើរការអនុវត្តគម្រោងតំបន់ទេសចរណ៍ពិសិដ្ឋ ជាពិសេស គម្រោងទេសចរណ៍ផ្ទះទី២ សម្រាប់ទេសចរវ័យចំណាស់។ ការអនុវត្ត គួរចាប់ផ្តើមពីកម្រិតសាកល្បងមុននឹងឈានដល់ទ្រង់ទ្រាយធំ។
ក្នុងស្មារតីនេះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តចូលរួមចំណែកផ្តល់កិច្ចសហការ និងការគាំទ្រក្នុងគ្រប់ទិដ្ឋភាព រាប់ទាំងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគម្រោងអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ ទទួលបានជោគជ័យ។
ចំពោះការផ្តួចផ្តើម ក្នុងការអភិវឌ្ឍតំបន់ទេសចរណ៍ ក្នុងខេត្តអាទិភាពនានា អង្គប្រជុំបានពិភាក្សា និងឯកភាពជាគោលការណ៍ថា ត្រូវមានការរៀបចំផែនការមេអភិវឌ្ឍន៍ និងផែនការវិនិយោគឲ្យបានគ្រប់ជ្រុងជ្រោយ។ ផែនការមេ នឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសកម្មភាពអាជីវកម្មគាំទ្រ ជាពិសេសសហគ្រាសធុនតូច និងមធ្យម។
គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា, គណៈកម្មាការអភិឌ្ឍន៍វិស័យទេសចរណ៍ និងក្រុមការងារពាក់ព័ន្ធដ៏ផ្សេងទៀត នឹងបន្តជ្រោមជ្រែង ជំរុញ និងគាំទ្រលើវិធានការ និងផែនការ នៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ឲ្យអស់ពីសក្តានុពល ក្នុងគោលដៅរួមចំណែកលើកកម្ពស់ ភាពប្រកួតប្រជែងវិស័យទេសចរណ៍កម្ពុជា៕