(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី ១៩នាក់ បានរងរបួសធ្ងន់-ស្រាល ដោយសារក្រឡាប់រថយន្ត ក្រោយត្រឡប់មកពីធ្វើដំណើរទៅលេងកំសាន្តនៅប្រាសាទកោះកែរ បានបែកកង់រថយន្តផ្នែកខាងមុខ បណ្តាលឱ្យរេចង្កូតក្រឡាប់រថយន្តតែម្តង។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០៧៖០៥នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅចំណុចស្រែច្នាប ក្នុងភូមិស្វាយដំណាក់ថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុរថយន្តខាងលើ បានដឹកមនុស្សពេញ មកពីលេងកំសាន្តនៅ ប្រាសាទកោះកែរ លុះដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបែកកង់ខាងមុខ បណ្តាលឱ្យរេចង្កូតក្រឡាប់តែម្តង ធ្វើឱ្យអ្នករួមដំណើរ១៩នាក់ ស្រី៨នាក់រងរបួសធ្ងន់-ស្រាល។
លោកអធិការនគរបាលស្រុករវៀងបានបន្តថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានទៅដល់ភ្លាមៗ និងទាក់ទងរថយន្តដឹកអ្នករបួស ទៅកាន់មណ្ឌលសុខភាពភ្នំដែកភ្លាមៗ ចំណែកអ្នករបួសធ្ងន់ចំនួន៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារភ្លាមៗផងដែរ។
លោក សាយ ដេត បានបន្តថា អ្នកបើកបររថយន្តមានឈ្មោះ ហៀប ចាន់ហុក ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយដំណាក់ចាស់ ឃុំរបទម ស្រុករវៀង ខេត្តព្រះវិហារ បានរត់គេចខ្លួន។ ដោយឡែករថយន្ត ដែលក្រឡាប់ម៉ាកតូយ៉ូតា ពណ៍ស មួយបាំងកន្លះ ពាក់ស្លាកលេខភ្នំពេញ 2AB 1160 ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុកនៅប៉ុស្តិនគរបាលរមទម៕