(កោះកុង)៖ សាខាកាំកុងត្រូលខេត្តកោះកុង សហការជាមួយមន្ត្រីពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បានបន្តចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករ ដាក់តាំងលក់ ក្នុងផ្សារដងទង់ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅមុខទំនិញបន្លែ មឹក បង្គារ គ្រឿងភេសជ្ជៈណាហួសការបរិច្ឆេទ ថ្ងៃខែឆ្នាំផលិត ក្នុងការចុះពិនិត្យនោះ បានរកឃើញ និងដកហូតងៀតបបែល និងងៀតឆ្លាមចំនួន ៨.៨គីឡូក្រាមមានសារធាតុគីមីហាមឃាត់។
លោក សម ចិន្ត្រា អនុប្រធានសាខាកាំកុងត្រូលខេត្តកោះកុង បានឱ្យថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព ផលិតផលទំនិញ និងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈការគ្រប់គ្រងហានិភ័យ ដែលការត្រួតពិនិត្យលក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅ របស់ម្ហូបអាហារទៅតាមស្លាកសញ្ញា សំបកវេចខ្ចប់ ការបរិច្ឆេទកំប៉ុងកំពិតប៉ោងរលួយ នឹងត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញ ដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមី ដែលហាមឃាត់ ដូចជា សាធាតុប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូលដើម្បីកំណត់រកហានិភ័យ។
លោក សម ចិន្ត្រា បានបន្តថា ជាលទ្ធផលសាខាកាំកុងត្រូល និងមន្ត្រីជំនាញបានចុះត្រួតពិនិត្យទំនិញ បន្លែ ផ្លែឈើ និងគ្រឿងសមុទ្រ តាមតូបក្នុងផ្សារដងទង់ ដែលអាជីវករដាក់តាំងលក់ សាខាកាំកុងត្រូលបានដកហូតបានងៀតត្រីបបែល និងងៀតត្រីឆ្លាម ចំនួន៨.៨គីឡូក្រាម ដែលមន្រ្តីជំនាញ បានរកឃើញមានសារធាតុគីមីហាមឃាត់ផងដែរ។
ចំពោះបញ្ហានេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយបានធ្វើការណែនាំអាជីវករ ឱ្យមានការយល់ដឹងកាន់ខ្ពស់ចំពោះបញ្ហានេះផងដែរ ហើយបបែលងៀត នឹងឆ្លាមងៀត មន្ត្រីជំនាញបានយកមករក្សាទុកដើម្បីរងចាំការដុះកម្ទេចចោល។
លោក សម ចិន្ត្រា បានអំពាវនាវដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមី ហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទ ដើម្បីចូលរួមចំណែកការពារផលប្រយោជន៍ អ្នកប្រើប្រាស់ទាំងសុខមាលភាព និងសេដ្ឋកិច្ច ហើយការចុះណែនាំដល់អាជីវករនៅក្នុងផ្សារ និងនៅតាមលំនៅដ្ឋាននេះ គឺដើម្បីធ្វើការពន្យល់ពីលក្ខណៈពិសេស មុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគ៕