(ស្វាយរៀង)៖ ជំងឺសត្វឆ្មា និងឆ្កែខាំកំពុងមានការព្រួយបារម្ភខ្លាំងពីប្រជាពលរដ្ឋទូទៅ ធ្វើឲ្យពួកគាត់បាននាំគ្នាម្រុកទៅចាក់ថ្នាំបង្កានៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។ ជាក់ស្តែង នៅខេត្តស្វាយរៀង ក្នុងរយៈពេលតែមួយខែ មានមនុស្សស្លាប់ដោយសារសត្វឆ្កែ និងឆ្មាខាំស្លាប់មួយករណី នៅស្រុកស្វាយជ្រំ និងមួយករណីទៀត នៅស្រុករមាសហែក ដែលមិនព្រមទៅចាក់ថ្នាំបង្ការភ្លាមៗ ទុករហូតទាល់តែធ្ងន់ធ្ងរ គ្រូពេទ្យអស់លទ្ធភាពព្យាបាល បណ្តាលឲ្យស្លាប់បន្សល់ទុកក្តីសោកសង្រេង និងសោកស្តាយជាពន់ពេក។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការបង្ហោះតាមរយៈបណ្តាញសង្គម Facebook បានលើកឡើងថា មានបុរសម្នាក់បានស្លាប់ដោយសារសត្វឆ្មាខាំ (រយៈពេលមួយអាទិត្យ) នៅភូមិត្រពាំងស្គន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ ដោយមានអាការៈក្តៅខ្លួនមួយយប់ លុះព្រឹកឡើងយកទៅពេទ្យក៏ស្លាប់នៅមុខផ្ទះតែម្តង កាលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ។
បើតាមឈ្មោះ ហែម ស៉ីនួន អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពំាងស្គន់ថ្មី ឃុំត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ដែលត្រូវសត្វឆ្មាខាំ បានប្រាប់ឲ្យ Fresh News ដឹងថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នំា២០១៩ ប្តីរបស់គាត់ត្រូវបានសត្វឆ្មាខាំចំដៃ ខណៈដែលទៅលេងផ្ទះម្តាយគាត់ ហើយក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ច បានជំរុញឲ្យគាត់ទៅជួបក្រុមគ្រូពេទ្យពិគ្រោះយោបល់ ប៉ុន្តែគាត់ពុំព្រមទៅជួបពេទ្យនោះទេ។
រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជំងឺចាប់ផ្តើមធ្វើទុក្ខ ដែលមានអាការៈក្តៅខ្លាចទឹកខ្លាចខ្យល់ខ្លាចពន្លឺដូចកាលកុមារីម្នាក់ ដែលបានស្លាប់ដោយសារឆ្មាំខាំនៅក្រុងបាវិត កាលអំឡុងប៉ុន្មានខែមុនអញ្ចឹងដែរ ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ។ អាជ្ញាធរស្រុករមាសហែកបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ពៅ មល់ អាយុ៣២ឆ្នំា រស់នៅភូមិត្រពំាងស្គន់ថ្មី ឃុំត្រពំាងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
ចំណែកមួយករណីទៀត បានកើតឡើងនៅស្រុកស្វាយជ្រំ ដោយមានក្មេងស្រីម្នាក់ត្រូវឆ្កែខាំបណ្តាលឲ្យស្លាប់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២៖២០នាទី។ យុវតីរងគ្រោះខាងលើជាសិស្សក្រីក្រ ទទួលបានអាហារូបករណ៍នៃវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ត្រូវបានសត្វឆ្កែខាំរយៈពេលជិត៣ខែ បណ្តាលឲ្យបាត់បង់ជីវិតយ៉ាងអាណោចអធម ស្ថិតក្នុងភូមិ ដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងផងដែរ។ យុវតីរងគ្រោះមានឈ្មោះ រ៉ា រស្មី អាយុ១៦ឆ្នាំ ជាសិស្សរៀនវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំដែលជាកូនច្បងក្នុងគ្រួសារ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បើមានករណីសត្វឆ្កែ ឬឆ្មាខាំ ត្រូវបញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យនៅភ្នំពេញ ឬក្លីនិចឯកជនណា ដែលមានថ្នាំវ៉ាក់សាំងការពារជំងឺឆ្កែឆ្គួតឲ្យបានទាន់ពេលវេលា ដើម្បីចាក់ថ្នាំការពារកុំឲ្យកើតជំងឺនេះវិវត្តន៍ទៅជាធ្ងន់ធ្ងរ ព្រោះរហូតដល់ពេលនេះមន្ទីរពេទ្យខេត្ត ពុំមានវ៉ាក់សាំងការពារជំងឺឆ្កែឆ្គួតនោះទេ៕