(ព្រៃវែង)៖ បន្ទាប់ពីហូបស្រាស្រវឹងហើយនោះ កូនប្រុសចិត្តស្រាលម្នាក់ បានទាញយកពូថៅកាប់ចិញ្ច្រាំឪពុក បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាមមួយរំពេច ព្រោះរឿងគំនុំគុំនឹងឪពុករករឿងម្តាយ។ ករណីនេះបានកើតឡើងកាលពីយប់ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ បានឲ្យភ្នាក់ងារ Fresh News ដឹងថា កូនបង្កើតដែលជាជនបង្កនោះឈ្មោះ ឡេង ហន ភេទប្រុស អាយុ២៣ឆ្នាំ។ ចំណែកជនរងគ្រោះជាឪពុកឈ្មោះ ឡេង សៅ អាយុ៥០ឆ្នាំ ដែលរស់នៅភូមិព្រៃរូង ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចបានឲ្យដឹងទៀតថា ជនរងគ្រោះកន្លងមកធ្លាប់ធ្វើបាបប្រពន្ធ និងកូនជារឿយៗ ហើយនៅយប់កើតហេតុ ឪពុកនិងកូន (ជនបង្ក និងជនរងគ្រោះ) បានទិញស្រាមកផឹកជុំគ្នា ក្រោយមកសង្ស័យជាកូនគុំនឹងឪពុកធ្វើបាបម្តាយ ក៏បានទាញយកពូថៅកាប់ឪពុកចំនួន៦ពូថៅ បណ្ដាលឲ្យដេកស្លាប់ខាងក្រោយផ្ទះយ៉ាងអាណោចអធម៕