(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិត្រពាំងត្នោត ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានសម្តែងក្តីព្រួយបារម្ភ ក្រោយឃើញមន្ត្រីក្រសួងរ៉ែ និងថាមពល ចុះផ្អាកការជីកស្តារបឹង ធ្វើស្រះទាញយកទឹកផ្គត់ផ្គង់ប្រជាពលរដ្ឋ ក្នុងភូមិប្រើប្រាស់ ដោយគ្រាន់តែយកអាចម៌ដី ទៅធ្វើការអភិវឌ្ឍន៍ផ្លូវជាច្រើនខ្សែនៅក្នុងឃុំ។
នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ និងបានស្នើសុំឲ្យអាជ្ញាធរខេត្តកណ្តាលជំរុញឲ្យលោក ជា កុយ ជាអ្នកទទួលជីកស្តារ ធ្វើការជីកស្តារឲ្យបានលឿន ព្រោះរដូវវស្សាជិតចូលមកដល់ហើយ។
ពលរដ្ឋបានបន្តថា កាលពីរដូវប្រាំងនាពេលកន្លងទៅ ពួកគាត់ធ្លាប់លំបាកខ្លាំងណាស់ ដោយសារគ្មានទឹកប្រើប្រាស់ នៅពេលឃើញលោក ជា កុយ ធ្វើការជីកស្តារបឹងស្តុកទឹក សម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ជាសាធារណៈនោះ ពួកគាត់សប្បាយចិត្តណាស់ថា នឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់វិញហើយ។
ប៉ុន្តែការសប្បាយចិត្តនេះ មិនបានប៉ុន្មានក៏ប្រែក្លាយ ជាការកើតទុក្ខវិញ និងក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាកង្វះទឹកប្រើប្រាស់កើតឡើងជាបន្តទៀត។ ក្រោយឃើញមន្ត្រីក្រសួងរ៉ែ និងថាមពល មកផ្អាកការជីកស្តារបឹង ធ្វើស្រះទឹកនេះ។
ប្រជាពលរដ្ឋបានលើកឡើងជាចម្ងល់ថា ការជីកស្តារស្រះស្តុកទឹក ដើម្បីប្រយោជន៍ជូនប្រជាពលរដ្ឋយ៉ាងម៉េច បានជាមន្ត្រីក្រសួងរ៉ែ និងថាមពល ចុះផ្អាកមិនមែនធ្វើអាជីវកម្មរណ្តៅដីឯណា ម្យ៉ាងវិញទៀត គឺជីកយកដី ទៅធ្វើផ្លូវជូនប្រជាពលរដ្ឋ នៅក្នុងឃុំទៀតផង។ ពួកគាត់មិនយល់ថា តើច្បាប់អាជីវកម្មរណ្តៅដី គេកំណត់បែបណា ហើយប្រជាពលរដ្ឋទទួលបាន អ្វីពីអាជីវកម្មរណ្តៅដីនេះ។
ពាក់ព័ន្ធនឹងការស្នើសុំនេះ លោក ម៉ន ខាន់ មេឃុម្កាក់ បានលើកឡើងថា រឿងនេះហួសពីដែនរដ្ឋបាលរបស់លោក លោកមិនអាចបកស្រាយបានទេ ប៉ុន្តែលោកក៏មានការសោកស្តាយ ដែរនៅពេលដែលក្រសួងរ៉ែ ចុះផ្អាកការស្តារបឹងធ្វើស្រះរបស់លោក ជា កុយ។
លោកបានបន្តថា ការស្តារបឹង គឺមានប្រយោជន៍ច្រើន សម្រាប់ប្រជាពលរដ្ឋ នៅក្នុងឃុំរបស់លោក។ ព្រោះការស្តារនេះ ទី១៖ បានអាចម៌ដី អភិវឌ្ឍធ្វើផ្លូវបានជាច្រើនខ្សែនៅក្នុងឃុំ និងទី២៖ បានស្រះសម្រាប់ស្តុកទឹក ដើម្បីធ្វើទឹកស្អាតជូនប្រជាពលរដ្ឋ ប្រើប្រាស់ដើម្បីកាត់បន្ថយភាពក្រីក្រ៕