(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ថា នៅពេលនេះកម្លាំងនគរបាលរបស់លោក បានចាប់ខ្លូនមនុស្ស៦នាក់ ដែលបានដឹកនាំនិងចូលរួមប្រើហិង្សាទៅលើមន្ដ្រីនគរបាល និងប្រជាការពារ នៅពេលដែលកងកម្លាំងបានចុះទៅអន្ដរាគមន៍ ឲ្យពួកគេបើកផ្លូវឡើងវិញ ក្រោយយកដុំថ្ម និងមែកឈើទៅដាក់បិទផ្លូវជាតិបង្កឲ្យកកស្ទះចរាចរណ៍ប្រហែល១ម៉ោង នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

ការចាប់ខ្លួនមនុស្សទាំង៦នាក់នេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រនេះ ខណៈឃាត់ខ្លួន២នាក់កាលពីម្សិលមិញ សរុបរហូតដល់ពេលនេះឃាត់ខ្លួនចំនួន៨នាក់ហើយ លោកឧត្តមសេនីយ៍ស្នងការបានចាត់ទុកថា គឺជាបទល្មើសព្រហ្មទណ្ឌដែលមិនអាចលើកលែងឲ្យបាន នឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលកម្លាំងរបស់យើង និងប្រជាការពារចុះទៅសម្របសម្រួល និងរើសដុំថ្មចេញពីផ្លូវស្រាប់តែ ប្រជាពលរដ្ឋទាំងនោះ បានគុំដុំថ្មទៅលើពួកគេបណ្ដាលឲ្យមន្ដ្រីនគរបាលរបស់យើង៤នាក់ និងប្រជាការពារ២នាក់ រងរបួសបែកក្បាល ហើយរថយន្ដ៣គ្រឿង បានរងការខូចខាតផងដែរ»

មន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន Fresh News ថា អ្វីក៏ដោយរាប់ទាំងបញ្ហាដីធ្លី អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធតែងតែមាន យន្តការដោះស្រាយ តាមប្រព័ន្ធតុលាការ និងតាមគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ហើយត្រូវបញ្ឈប់សកម្មភាពតវ៉ាបិទផ្លូវ ឬប្រើហិង្សាទៅលើសមត្ថកិច្ច ដែលទង្វើខុសច្បាប់ទាំងស្រុង ដូច្នេះសូមទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវងាកមករកការតវ៉ាតាមផ្លូវច្បាប់ទើបជាការប្រសើរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋជាង១០០នាក់ ដែលអាជ្ញាធរហៅថា ជនអនាធិបតេយ្យនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។

នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់ នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញជាង៦០០ខ្នង។

ជាមួយគ្នានេះ ចំពោះហេតុការណ៍នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ រួមមាន៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើកំលាំងសមត្ថកិច្ចចំរុះបណ្តាលឲ្យរងរបួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ៕