(ព្រះសីហនុ)៖ ប្រជាពលរដ្ឋជាង១០០នាក់ ដែលអាជ្ញាធរហៅថា ជនអនាធិបតេយ្យនោះ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ បាននាំគ្នាតវ៉ាសាជាថ្មីដោយយកដុំថ្មធំៗ និងមែកឈើទៅដាក់បិទផ្លូវជាតិលេខ៤ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះ។
នេះជាថ្ងៃទី២ហើយ ដែលប្រជាពលរដ្ឋទាំងនោះបាននាំគ្នាបិទផ្លូវជាតិលេខ៤ ដោយសារខឹងអាជ្ញាធរចុះទៅរុះរើខ្ទម និងសំណង់អនាធិបតេយ្យខុសច្បាប់របស់ពួកគាត់នៅឃុំបិតត្រាំង ដែលសង់លើដីមានម្ចាស់កម្មសិទ្ធិពិតប្រាកដ កាលពីម្សិលមិញ។
ទាំងលោកអភិបាលស្រុកព្រៃនប់ លោក ស កក្កដា និងស្នងការនគរ បាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបណ្តាញព័ត៌មាន Fresh News ថា ពិតជាមានការបិទផ្លូវជាថ្មីម្តងទៀតមែន នៅព្រឹកថ្ងៃនេះនៅចំណុចកើតហេតុដូចថ្ងៃម្សិលមិញ នាំឲ្យមានការកកស្ទះចរាចរណ៍ប្រមាណ១ម៉ោងផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា ក្រោយមានករណីនេះកើតឡើងជាលើកទី២ ទាំងអាជ្ញាធរ និងសមត្ថកិច្ចបានចុះពន្យល់ដល់ពួកគាត់បានចាប់ផ្តើមដកថយ ហើយចរចរណ៍បានដំណើរការឡើងវិញជាបណ្តើរៗផងដែរ។ ជាមួយនឹងហេតុការណ៍នេះ លោកស្នងការអះអាងថា ក្រុមអនាធិបតេយ្យទាំងនោះក៏បានឆ្លៀតប្រើប្រាស់អំពើហិង្សា ទៅលើសមត្ថកិច្ច ដោយចោលដុំថ្ម ប៉ុន្តែកម្លាំងសមត្ថកិច្ចបានរក្សាភាពអត់ធ្មត់ជាទីបំផុត ដោះស្រាយដោយសន្តិវិធី មិនបង្កឲ្យមានអំពើហិង្សាកើតឡើងនោះឡើយ។
មន្រ្តីជាន់ខ្ពស់សាលាខេត្តព្រះសីហនុ បានបញ្ជាក់មកកាន់បណ្តាញព័ត៌មាន Fresh News ថា រាល់ការបញ្ហាដីធ្លី អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធតែងតែមានយន្តការដោះស្រាយ តាមប្រព័ន្ធតុលាការ និងតាមគណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ហើយត្រូវបញ្ឈប់សកម្មភាពតវ៉ាបិទផ្លូវ ឬប្រើហិង្សាទៅលើសមត្ថកិច្ច ដែលទង្វើខុសច្បាប់ទាំងស្រុង ដូច្នេះសូមទទូចដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវងាកមករកច្បាប់ទើបជាការប្រសើរ។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ម្សិលមិញ រដ្ឋបាលខេត្តព្រះសីហនុ បានចេញជូនដំណឹងមួយអំពីការចុះរុះរើសំណង់ខ្ទមអនាធិបតេយ្យជាង៦០០ខ្នង នៅលើដីដែលមានម្ចាស់កម្មសិទ្ធិ នៅចំណុចចំណោតអូរត្រាវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់។
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបថា សំណង់ដែលអាជ្ញាធរបានចុះរុះរើទាំងនោះ គឺត្រូវបានប្រជាជនដែលមកពីតំបន់ នានាក្នុងខេត្ត និងក្រៅខេត្ត លួច សាងសង់ដោយខុសច្បាប់ នៅលើដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ អាជ្ញាធរឃុំ ស្រុក និងខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំពួកគាត់ ជាច្រើនលើកច្រើនសារឱ្យរុះរើសំណង់ខុសច្បាប់ទាំងនោះចេញពីដីកម្មសិទ្ធិអ្នកដទៃព្រោះជាទង្វើខុសច្បាប់ ប៉ុន្តែពួកគាត់ទាំងនោះមិនស្តាប់តាមការ ពន្យល់ណែនាំរបស់ អាជ្ញាធរឡើយ។
រដ្ឋបាលខេត្តព្រះសីហនុ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងកម្មសិទ្ធិឯកជនស្របច្បាប់ ដោយបន្តអនុវត្តវិធានការច្បាប់ ទប់ស្កាត់អំពើអនាធិបតេយ្យទាំងឡាយ ដែលនាំឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងបង្កចលាចលសង្គម។
រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាជនដែលបានចូលទៅសង់ខ្ទមដោយខុសច្បាប់ នៅលើដីសាធារណៈរបស់រដ្ឋ និងដីកម្មសិទ្ធិឯកជន ស្របច្បាប់ទាំងឡាយត្រូវបញ្ឈប់សកម្មភាពចូលទៅទន្ទ្រានកាន់កាប់ជាបន្ទាន់ ព្រោះជាទង្វើដែលត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ហើយត្រូវឈប់ជឿតាមការឃោសនា ញុះញងរបស់ពួកមេខ្យល់ដែលបានដើរបំផុសបំផុល ដោយអះអាងថាមានការបែងចែកដី និងលក់ដីជូនក្នុងតម្លៃទាបតទៅទៀត។
ជាមួយគ្នានេះ ចំពោះហេតុការណ៍នេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស២នាក់ផងដែរ រួមមាន៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើកំលាំងសមត្ថកិច្ចចំរុះបណ្តាលឲ្យរងរបួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ៕