(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបង្ហាញឲ្យដឹងថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានបងប្អូនប្រជាពលរដ្ឋចេញទៅដើរលេងកំសាន្តក្រៅប្រទេសមានរហូតដល់ ៨៧.៧៤៥នាក់ កើនឡើង ៦៩.៧៣ភាគរយ ប្រៀបធៀបឆ្នាំ២០១៨មានត្រឹមតែ ៥១.៦៩៥នាក់ប៉ុណ្ណោះ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បន្ថែមថា ពលរដ្ឋខ្មែរចេញទៅប្រទេសវៀតណាមមានចំនួន ៧.៩១០នាក់, ប្រទេសថៃ ៦៥.១៣៧នាក់, ប្រទេសឡាវ ៤៣៨នាក់ និងចេញទៅប្រទេសទី៣ (តាមយន្តហោះ) ចំនួន១៤.២៦០នាក់។
សូមជំរាបថា បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបានឲ្យដឹងថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅទីនានាក្នុងប្រទេសជាង៨លាននាក់ ដែលកើនឡើង៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
តួលេខភ្ញៀវជាតិ និងអន្តរជាតិ៨លាននាក់នេះ គឺក្នុងនោះមានការធ្វើទេសចរនៅតាមគោលដៅរមណីយដ្ឋានទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្ត សំខាន់ៗចំនួនជាង៥លាននាក់ និងប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់គោលដៅបន្ទាប់បន្សំនានា ដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានាប្រមាណ៣លាននាក់ទៀត៕