(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានសរសេរលិខិតមួយច្បាប់ផ្ញើទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើឲ្យស្រាវជ្រាវ និងចាត់វិធានការចំពោះជនខិលខូចដែលប្រើប្រាស់ឈ្មោះរបស់លោក រ៉ៃអង្គាសប្រាក់ដើម្បីទិញក្រមា និងសារ៉ុងចែកជូនប្រជាពលរដ្ឋ។
ក្នុងលិខិតរបស់លោក សុខ ចិន្តាសោភា បានលើកឡើងថា ជនខិលខូចនោះបានប្រើទូរស័ព្ទលេខ ០៩៩ ៨១៦ ១៧០ ហៅទៅលោកស្រី ជា ផល្លា អនុប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ដែលមានទូរសព្ទ័ លេខ ០៩៧ ៩៨៥ ៥៥៥៥ ដើម្បីរៃអង្គាសថវិកាចំនួន ៣,០០០ដុល្លារអាមេរិក ដោយយកហេតុផលជាការបរិច្ចាគសម្រាប់ពិធីបញ្ចុះបឋមសិលាមួយ និងបានប្រើលេខទូរស័ព្ទដដែល (០៩៩ ៨១៦ ១៧០) ហៅទៅឧត្តមសេនីយ៍ម្នាក់នៅខេត្តត្បូងឃ្មុំ ដែលមានទូរស័ព្ទលេខ ០១៧ ៤៦៨ ៨៨៨ ដើម្បីសុំថវិកាចំនួន ២,០០០ដុល្លារអាមេរិក។
លោកបានបញ្ជាក់ទៀតថា «ចុងក្រោយនេះ ជនខិលខូចបានប្រើទូរស័ព្ទលេខ ០៧៨ ៨២៨ ១០២ ហៅទៅលោកឧកញ៉ា ជៀម ផែន ដែលមានទូរស័ព្ទលេខ ០១២ ៧៧១ ៩៩៩ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ជាច្រើនលើក ដោយបញ្ជាក់ថាខ្លួនជាខ្ញុំសុំក្រមា គិតជាទឹកប្រាក់ស្មើនឹង ២,០០០ដុល្លារអាមេរិក ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅស្នួល។ ដោយមានការសង្ស័យ លោកឧកញ៉ា ជៀម ផែន ពុំបានផ្ញើថវិកាតាម Wing ទៅឱ្យជនខិលខូចនោះទេ ហើយលោកឧកញ៉ា បានផ្តល់ដំណឹងនេះមកសហការីរបស់ខ្ញុំដើម្បីជាការបញ្ជាក់។ ពេលសហការីរបស់ខ្ញុំហៅទូរស័ព្ទត្រឡប់ទៅវិញ ជនខិលខូចនោះពុំបានសន្ទនាយូរទេ ហើយក៏បិទទូរស័ព្ទ»។
លោក សុខ ចិន្តាសោភា សង្កត់ធ្ងន់ថា «ដោយសកម្មភាពនេះ មានការប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ខ្ញុំ និងអាចប៉ះពាល់ដល់ទ្រព្យសម្បត្តិអ្នកដទៃ ខ្ញុំសូមឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត មេត្តាស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ តាមការគួរ»៕
សូមអានលិខិតរបស់ លោក សុខ ចិន្តាសោភា ទាំងស្រុង៖