(តាកែវ)៖ លោក ច័ន្ទ សាវុន តំណាងរាស្ដ្រខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិជួយស្រុកត្រាំកក់ បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានដឹកនាំក្រុមការងារយកអំណោយប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសារគ្រោះថ្នាក់ធម្មជាតិ និងគ្រោះអគ្គិភ័យ នៅឃុំត្រាំកក់ ស្រុកត្រាំកក់ ដើម្បីជួយសម្រួលដល់ការលំបាក។
ពិធីនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ក៏មានការចូលរួមពី លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់, លោក ហោ បុណ្ណាវឌ្ឍ ប្រធានក្រុមការងារចុះជួយឃុំត្រាំកក់ និង លោក សោម រ័ត្នន៍ ព្រមទាំងក្រុមប្រឹក្សាឃុំ អ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
គ្រួសារដែលទទួលបានអំណោយនោះរួមមាន ទី១៖ ផ្ទះជនរងគ្រោះដោយគ្រោះធម្មជាតិលោក សាត ថាន់ ត្រូវជាឪពុក និងម្តាយ ផាន់ ភារម្យ ដែលមានកូនឈ្មោះ សុខ ភក្តី ភេទស្រី អាយុ១១ឆ្នាំ ត្រូវរន្ទះបាញ់ វេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរគ្រោះរួមជាមួយក្មេងពីរនាក់ទៀត បានត្រឡប់មកពីលេងនៅវត្តកោះក្អែក ហើយ មានភ្លៀងរលឹមបន្តិចៗ មកដល់ពាក់កណ្តាលផ្លូវត្រូវរន្ទះបាញ់ សុខ ភក្តី បណ្តាលឲ្យដួលស្លាប់នៅនឹងកន្លែង ចំណែកក្មេងពីរនាក់ទៀតដួលសន្លប់ ចម្ងាយពីផ្ទះប្រហែល៣០០ម៉ែត្រ។
ទី២៖ ក្មេងពីរនាក់ ដែលដួលសន្លប់ ក៏ត្រូវរងគ្រោះដោយខ្យល់កន្ត្រាកធ្វើឲ្យរលំផ្ទះមួយខ្នងទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ ប្រក់ហ្វីប្រូស៊ីម៉ង់ គ្មានជញ្ជាំង ដែលមានឪពុកឈ្មោះ ឃេម ភស្ត អាយុ៣៧ឆ្នាំ និងម្តាយឈ្មោះ យី ណាក់ អាយុ៣៦ឆ្នាំ នៅចម្ងាយ២០០ម៉ែត្រ ពីផ្ទះ សុខ ភក្តី។
លោក ច័ន្ទ សារុន ក៏បានសម្តែងនូវការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុតចំពោះគ្រោះធម្មជាតិមួយនេះ ដែលធ្វើឲ្យគ្រួសារទាំងពីរបាត់បង់កូនស្រីជាទីស្រឡាញ់ និងខូចខាតផ្ទះសម្បែង។ លោកបានជម្រាបទៀតថា នៅពេលមានភ្លៀងត្រូវហាមកូនចៅ កុំចេញដើរលេងឆ្ងាយពីផ្ទះឲ្យសោះ ហើយត្រូវតាមដានស្តាប់ការផ្សាយពីព័ត៌មានឧតុនិយម និងត្រូវប្រុងប្រយ័ត្នជាប់ជានិច្ច។
ទី៣៖ លោកតំណាងរាស្ដ្រ បានបន្តដំណើទៅដល់ភូមិត្រពាំងព្រីង ឃុំលាយបូរ ដើម្បីជួប និងនាំយកអំណោយដល់ជនរងគ្រោះលោក ផេង ឡន និងអ្នកស្រី វ៉ា សុភី ដែលធ្វេសប្រហែសសាកថ្មទូរស័ព្ទពីគ្រឿង នៅលើពូកទុកចោលរួចគាត់ក៏ទៅវត្ត បណ្តាលឲ្យឆាបឆេះជញ្ជាំងស្លឹក។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ និងអគ្គីភ័យ មុនចាកចេញពីផ្ទះត្រូវបិទចរន្តអគ្គិសនីទាំងអស់ក្នុងផ្ទះ ហើយបើយកល្អកុំដើរចោលផ្ទះទាំងអស់គ្នា៕