(ព្រះសីហនុ)៖ តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឱ្យដឹងថា នៅរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ច បានសម្រេចឃាត់ខ្លួនមនុស្ស២នាក់ ដែលជាមេខ្លោង នៃការតវ៉ាបិទផ្លូវជាតិលេខ៤ នៅពេលដែលអាជ្ញាធរចុះអនុវត្តសាលដីការរុះរើសំណង់ ខ្ទមអនាធិបតេយ្យរបស់ពួកគេ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកមិញនេះ។
ជនសង្ស័យទាំង២នាក់នោះ រួមមានទី១៖ ឈ្មោះ ខ្លូត តុសិតា ភេទស្រី អាយុ៣៩ ឆ្នាំមុខរបរមេផ្ទះ ស្នាក់នៅបណ្ដោះអាសន្នដូចកន្លែងកើតហេតុ ដែលត្រូវឃាត់ខ្លួន ដោយសារការគប់ដុំថ្ម និងប្រើដំបងវាយលើកំលាំងសមត្ថកិច្ចចំរុះបណ្តាលអោយរងរបួសជាច្រើននាក់ និងជនសង្ស័យម្នាក់ទៀតមានឈ្មោះ កែវ សាង ភេទប្រុស អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកនេសាទ នៅស្រុកព្រៃនប់ ដែលពាក់ព័ន្ធនឹងការដឹកនាំបិទផ្លូវ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មានក្រុមប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារ ដែលបានទៅសង់ខ្ទមអនាធិបតេយ្យ នៅលើដីមានម្ចាស់កម្មសិទ្ធិ នៅចំណុចភូមិចំណោតរាមឃុំបិតត្រាង(អូរត្រាវ)ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាតវ៉ា យកដើមឈើមកបាំងបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យកកស្ទះមួយស្របក់ ក្រោយពេលអាជ្ញាធរ និងសមត្ថកិច្ច បានចុះរុះរើសំណង់អនាធិបតេយ្យរបស់ពួកគេនៅតំបន់នេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្លាំងនគរបាលបានរៀបចំបំបែក និងសម្រួលសណ្តាប់ធ្នាប់ឲ្យធ្វើចរាចរណ៍ធម្មតាវិញភ្លាមៗផងដែរ៕