(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់លោក ពេជ្រ ស្រស់ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចាប់ខ្លួនលោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា អតីតប្រធានគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គឺជារឿងបុគ្គល មិនមានការពាក់ព័ន្ធនឹងក្របខណ្ឌរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះករណីលោកជំទាវជាប្រធានប្រតិភូគណបក្សសាធារណរដ្ឋប្រជាធិបតយ្យ គឺលោកជំទាវបានបាត់បង់នូវសិទ្ធិ ចុះបំពេញភារកិច្ចក្នុងនាមជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តាំងពីខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ ដោយសមាជគណបក្សរបស់លោកជំទាវ ត្រូវបានផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំ ហើយក្រសួងមហាផ្ទៃ បានទទួលស្គាល់នូវរចនាសម្ព័ន្ធដឹកនាំថ្មី និងការប្តូរឈ្មោះពី "គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ" មក "គណបក្សនគរប្រជាធិបតេយ្យ"»។
ប្រធានគណបក្សយុវជនរូបនោះ បានបន្តថា «ក្នុងរចនាសម្ព័ន្ធថ្មីនោះ គឺមិនមានឈ្មោះលោកជំទាវ ជាថ្នាក់ដឹកនាំទៀតនោះឡើយ។ ម្យ៉ាងវិញទៀត ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់ គឺប្រធានថ្មី នៃគណបក្សនេះ បានបញ្ជូន សមាសភាពថ្មីជំនួសតំណែងរបស់លោកជំទាវ រួមទាំងសហការី២នាក់ផ្សេងទៀត។ ដោយគោរពតាមឆន្ទៈ និងអធិបតេយ្យភាពរបស់គណបក្សដែលមានចែងក្នុងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានផ្អាកការផ្តល់ជូននូវលិខិតបេសកកម្មដល់លោកជំទាវតាំងពីពេលនោះមក ពោលគឺ លោកជំទាវ បានរលត់សិទ្ធិបណ្តោះអាសន្ន ក្នុងការចុះបំពេញភារកិច្ចក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចាប់តាំងពីក្រសួងមហាផ្ទៃ ទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មី នៃគណបក្សរបស់ លោកជំទាវមកម្ល៉េះ ....។ ដូច្នេះលោកជំទាវ និងសមាជិកដទៃដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនៅខេត្តព្រះវិហារ គឺជារឿងបុគ្គលដោយមិនជាប់ពាក់ព័ន្ធ នឹងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះឡើយ»។
លោកស្រី សុខរ័ត្ន សុវណ្ណ បញ្ចៈសីលាត្រូវបានសមត្ថកិច្ច ខេត្តព្រះវិហារ ចាប់ខ្លួនជាមួយនឹងសហការីម្នាក់ទៀត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយសង្ស័យថា ជាអ្នកនៅក្រោយនៃការដែលពលរដ្ឋរាប់សិបនាក់នាំគ្នាទៅតវ៉ាប៉ុនប៉ងរំដោះអ្នកជាប់ឃុំ។
មុនពេលចាប់ខ្លួនលោកស្រី គឺសមត្ថកិច្ចបានពង្រាយរថយន្តបាញ់ទឹកជាច្រើនគ្រឿង និងដាក់កំណាត់ឈើនៅលើដងផ្លូវដើម្បីរារាំងពលរដ្ឋរាប់សិបនាក់ ដែលបើកគោយន្ត សំដៅទៅកាន់ពន្ធនាគារខេត្តព្រះវិហារ។ នៅទីនោះដែលមានពលរដ្ឋចំនួន១៤ ត្រូវបានចាប់ឃុំខ្លួនកាលពីពេលកន្លងទៅ ពាក់ព័ន្ធនឹងការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែន ជម្រក សត្វព្រៃ គូលែន ព្រហ្មទេព៕