(កំពង់ចាម)៖ លោក ម៉ា ហូឌី ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម ជំនួសលោក ធួន ជេដ្ឋា ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសតែងតាំងនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាពលោក ឆាន់ សាផាន រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម។
បន្ទាប់ពីពិធីប្រគល់ត្រា អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា អស់រយៈពេលជាង ១ឆ្នាំមកនេះ លោក ធួន ជេដ្ឋា អតីតប្រធានមន្ទីរ បានដឹកនាំមន្ទីរទទួលបានសមិទ្ធផលយ៉ាងច្រើន ទុកជូនជាប្រយោជន៍លើវិស័យដីធ្លីសម្រាប់ខេត្តកំពង់ចាមផងដែរ។ ថ្ងៃនេះលោកសង្ឃឹមថា លោក ម៉ា ហូឌី ដែលចូលកាន់តំណែងបន្តវេន ពីប្រធានមន្ទីរចាស់ នឹងខិតខំបញ្ចេញនូវសមត្ថភាព ដើម្បីរួមគ្នាដឹកនាំជាមួយមន្ត្រីរាជការចំណុះឲ្យមន្ទីរអង្គភាព ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្តទាំងមូល ដើម្បីអនុវត្តនូវផែនការរួម ទិសដៅរួមរបស់យើងឲ្យសម្រេចបានជោគជ័យសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលរបស់យើង។
ស្ថិតក្នុងឱកាសនោះដែរ រដ្ឋលេខាធិការលោក ឆាន់ សាផាន បានបញ្ជាក់ថា មន្ទីរដែនដីជាសេនា ធិការដ៏សំខាន់របស់ខេត្ត ពោលគឺរៀបចំដីធ្លីរូបនីយកម្ម និងសំណង់។ ដូច្នេះដើម្បីសម្រេចការងារនេះ ឲ្យបានល្អ មន្ទីរត្រូវខិតខំលើកផែនការការងារឲ្យបានច្បាស់លាស់ ឲ្យចំគោលដៅដើម្បីអភិវឌ្ឍន៍ ដោយរក្សាឲ្យបាននូវសាមគ្គីភាព ផ្ទៃក្នុងឲ្យបានរឹងមាំ និងមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយស្ថាប័នពាក់ព័ន្ធជាពិសេសអាជ្ញាធរដែនដី ខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់។
ជាមួយគ្នានោះដែរ លោករដ្ឋលេខាធិការ បានសង្ឃឹមជឿជាក់ថា អាជ្ញាធរខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ពិតជារួមគ្នា សម្រេចបានលទ្ធផលល្អ នៃកិច្ចការរបស់រាជរដ្ឋាភិ បាលដែលបានប្រគល់ជូន និងអនុវត្តន៍ឲ្យបានជាក់ស្តែង នូវកំណែទម្រង់ស៊ីជម្រៅ លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលផងដែរ៕