(ត្បូងឃ្មុំ)៖ ដើម្បីចូលរួមធ្វើឱ្យបរិយាកាសសប្បាយរីករាយ នាឱកាសអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ អាជ្ញាធរខេត្តត្បូងឃ្មុំ បានរៀបចំសង្រ្កាន្តត្បូងឃ្មុំ ដោយមានការចូលរួមជាអធិបតីភាពពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ដែលប្រព្រឹត្តិទៅនៅបរិវេណវត្តអង្គរក្នុង ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ហ្លួងព្រះស្តេចកន ក្នុងស្រុកពញាក្រែក និងតំបន់រដ្ឋបាលសាលាខេត្ត ក្នុងស្រុកត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរដល់ក្រុមការងារទាំងអស់ និងតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងអាជីវករទាំងអស់ ដែលបានសហការគ្នាញ៉ាំឱ្យព្រឹត្តិការណ៍នេះ កើតឡើងបានយ៉ាងល្អប្រសើរ ដោយស្របទៅនឹងផែនការណែនាំរបស់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស២០១៩។ លោកបន្ថែមថា ការប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាការប្រតិបត្តិនូវជំនឿ ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូផង់ ដែលបានបន្សល់ទុកតាំងពីបុរាណរៀងមក។
លោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានលើកឡើងថា សង្ក្រាន្តត្បូងឃ្មុំដែលត្រូវបានរៀបចំឡើងលើកទី១នេះ ធ្វើឡើងនៅទីតាំងចំនួន២កន្លែង គឺ១-ធ្វើនៅហ្លួងព្រះស្តេចកន និងទីតាំងទី២- នៅតំបន់រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ ដោយមានលេងជាល្បែងប្រជាប្រិយខ្មែរ និងរាំលេងចង្វាក់ប្រពៃណីខ្មែរ ក៏ដូចជាតាំងពិពរណ៍នូវឧបករណ៍បុរាណខ្មែរ និងផលិតផលខ្មែរធ្វើដោយដៃ ដើម្បីផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏ប្រពៃណីជាតិខ្មែរ។
បើតាមរបាយការណ៍របស់លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរដែលមកទស្សនាខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៩ បានចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ក្រោមបរិយាកាសយ៉ាងសប្បាយរីករាយ។
ក្នុងនោះមានភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាន សរុបមានចំនួន២៣.៥៦០នាក់ ស្រីចំនួន១៨.៣៥១នាក់ ធៀបនឹងឆ្នាំមុនកើនឡើង៥.៧៥៧នាក់ ស្មើនឹងជាង៣០ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលមិនមានរៀបចំសង្ក្រាន្ត។ ចំណែកឯភ្ញៀវអន្តរជាតិ មានចំនួន៨៤នាក់ ស្រី៣០នាក់ ធៀបនឹងឆ្នាំមុនកើនឡើងចំនួន១៧នាក់។
ភ្ញៀវទេសចរណ៍មកកំសាន្ត ក្នុងខេត្តត្បូងឃ្មុំមានចំនួន៧កន្លែងរួមមាន៖ ១- រមណីដ្ឋានហ្លួងព្រះស្តេចកន, ២- រមណីយដ្ឋានអន្លង់ជ្រៃ, ៣- រមណីយដ្ឋានទឹកធ្លាក់ហោង, ៤- រមណីយដ្ឋានព្រះធាតុបាស្រី, ៥- រមណីយដ្ឋានខ្នងក្រពើ, ៦- តំបន់រដ្ឋបាលសាលាខេត្ត និងទី៧- សហគន៍ទេសចរណ៍ OBT (ហៅផ្កាឈូករដ្ឋ) ៕