(ស្វាយរៀង)៖ បន្ទាប់ពីមានប្រជាពលរដ្ឋប៉ុន្មាននាក់ បានរងគ្រោះដោយសារឆ្មាខាំ និងក្រញៅ បង្កជាជំងឺកាចគ្រោះថ្នាក់ដល់អាយុជីវិតរួចមក លោក ស៊ូ ម៉ុល ប្រធានក្រុមការងារយុវជនគណបក្សស្រុករមាសហែក ខេត្តស្វាយរៀង បានអំពាវនាវឱ្យប្រជាពលរដ្ឋដទៃទៀត មានការប្រុងប្រយ័ត្នចំពោះសត្វចិញ្ចឹមប្រភេទនេះ និងគប្បីចាក់វ៉ាក់សាំងការពារជាមុន។
លោក ស៊ូ ម៉ុល អំពាវនាវយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសលោក និងក្រុមការងារចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋដែលត្រូវសត្វឆ្មាខាំ និងក្រញៅចំនួន ៣គ្រួសារ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នំា២០១៩ នៅឃុំត្រពាំងស្តៅ ស្រុករមាសហែក។
ជាមួយគ្នានោះ ក្រុមការងារយុវជនគណបក្សស្រុករមាសហែក ក៏បានចូលរួមបុណ្យក្រុមគ្រួសារសពលោក ពៅ មល់ អាយុ៣២ឆ្នំា រស់នៅភូមិត្រពំាងស្គន់ថ្មី ឃុំត្រពំាងស្តៅ ស្រុករមាសហែក ដែលឆ្មាខាំហើយបានស្លាប់កាលពីថ្ងៃទី១៧ ខែមេសា។
ក្រៅពីនោះ ក្រុមការងារក៏បានសួរសុខទុកអ្នកដែលត្រូវឆ្មាក្រញៅចំនួន ២នាក់ ដែលត្រូវបានឆ្មាក្រញៅ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំា២០១៩ រួមមាន៖ កុមារី សំ រស្មី អាយុ១៣ឆ្នំា និងយុវជន សំ ពិសិដ្ឋ អាយុ១៨ឆ្នាំ រស់នៅភូមិត្រពំាងឈ្នាង ឃុំត្រពំាងស្តៅ ស្រុករមាសហែកដូចគ្នា ករណីខាងលើនេះ អាណាព្យាបាលបានយកទៅពេទ្យដើម្បីពិគ្រោះយោបល់ និងចាក់ថ្នាំបង្ការរួចហើយ ពោលគឺមិនមានអាការៈធ្ងន់ធ្ងរនោះទេ។
គួរកត់សម្គាល់ថា ជំងឺសត្វឆ្មាខាំ និងឆ្កែខាំនេះ កំពុងមានការព្រួយបារម្ភខ្លាំងពីប្រជាពលរដ្ឋទូទៅ ធ្វើឲ្យពួកគាត់បាននាំគ្នាសម្រុកទៅចាក់ថ្នាំបង្កានៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។ ជាក់ស្តែង នៅខេត្តស្វាយរៀង ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ មានមនុស្សស្លាប់ដោយសារសត្វឆ្កែខាំ និងឆ្មាខាំស្លាប់មួយករណីនៅស្រុកស្វាយជ្រំ និងមួយករណីទៀត នៅស្រុករមាសហែក៕