(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាពីគ្រឹះស្ថានអង្គរចំនួន ១,៥៧៥,៨០០ដុល្លារអាមេរិក។ ថវិកាជាង ១លានដុល្លារនេះ ផ្ដល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីយកទៅប្រើប្រាស់ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់កុមារ និងទារកដោយឥតគិតថ្លៃ។
ថវិការបស់គ្រឹះស្ថានអង្គរ ជាង១លានដុល្លារអាមេរិក ដែលត្រូវផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ បានពីការដកយកកម្រៃពីថ្លៃសំបុត្រ ចូលទស្សនាតំបន់រមណីយដ្ឋានអង្គរក្នុងត្រីមាសទី១ ឆ្នាំ២០១៩ និងផ្ដល់ជូននៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណដល់គ្រឹះស្ថានអង្គរ ព្រមទាំងសប្បុរសជន ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាព របស់កុមារ និងទារកនៅកម្ពុជា។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងនាខែមេសា ឆ្នាំ២០១៨ ដោយមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយស ហើយទឹកប្រាក់ដែលមូលនិធិទទួលបានទាំងអស់ នឹងត្រូវទុកសម្រាប់ទ្រទ្រង់នូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា៕