(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចេញសារលិខិតថ្លែង ថ្លែងក្នុងឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងទិវាគ្រុនបាញ់ពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ក្រោមប្រធានបទ «គ្មានជំងឺគ្រុនបាញ់ ផ្ដើមចេញពីខ្ញុំ»។
តាមរយៈសារដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទិវានេះប្រារព្ធឡើងក្នុងគោលបំណងជំរុញ និងបំផុសការយល់ដឹង និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសម្ដៅរួមចំណែកដល់ការថែរក្សាសុខាភាពរបស់ប្រជាពលរដ្ឋ។
ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅភូមិអូយ៉េស ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។
ក្នុងឱកាសនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បាន សម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះគ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុងអនុវត្តក្នុងការជំរុញ និងបំផុសការយល់ដឹងជាសាធារណៈឲ្យកាន់តែទូលំទូលាយនៅ ទូទាំងប្រទេស ពិសេសនៅតាមទីជនបទ ដើម្បីផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ប្រជាជនក្នុងការប្រតិបត្តិលើការ រស់នៅស្អាត។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ពិតណាស់ថា ជំងឺគ្រុនចាញ់មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាព ចំណាយលុយកាក់តាមរយៈ
ការចំណាយដោយផ្ទាល់លើការព្យាបាល ការខាតបង់ការងារ ការបាត់បង់ផលិតភាព និងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កផលប៉ះពាល់ជាអវិជ្ជមាន ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទៀតផង។ តាមទស្សនទាននេះ យើងទាំងអស់គ្នាចាំបាច់ណាស់ត្រូវបន្តយកចិត្តទុកដាក់ លើបញ្ហាជំងឺគ្រុនចាញ់នេះ ដោយយើងមិនអាចមើល រំលងបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមានសុខភាពល្អ នឹងនាំឲ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់ លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាពរីកចម្រើន សេចក្តីថ្លៃថ្នូរ និង សុភមង្គល៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖