(កំពង់ចាម)៖ លោកវរសេនីយ៍ឯក ប៉ាន់ ដន អធិការនគរបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បានចេញមកច្រានចោលការចោទប្រកាន់គ្មានការពិត របស់ម្ចាស់ Facebook ម្នាក់ឈ្មោះ Bun Thern ដែលបានបង្ហោះព័ត៌មាន មិនពិតនាំឲ្យសាធារណជនយល់ច្រឡំ ពាក់ព័ន្ធករណីឃាត់ខ្លួនជនស្រវឹងស្រា ដើរអុកឡុកការសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលទើបកន្លងផុតទៅថ្មីៗនេះ។
ចំពោះដំណើរដើមទងដែលឈានដល់ការឃាត់ខ្លួនជនបង្កនេះ ត្រូវបានលោកអធិការនគរបាលស្រុកំពង់សៀម បានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១៖៣០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដោយសមត្ថកិច្ចនគរបាល រួមទាំងប្រជាការពារភូមិខែលជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ហាក់ សៀងហាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពាក់ព័ន្ធក្នុងករណីបង្កការអុកឡុង និងគំរាមកំហែង ទៅលើអ្នកចាក់ធុងបាសឈ្មោះ សេង ណាត ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិពួនប្រម៉ាត់ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។
លោកអធិការបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន និងពាក្យបណ្ដឹង ព្រមទាំងបទបញ្ជាភ្លាមសមត្ថកិច្ចនគរបាល បានសហជាមួយប្រជាការពារ ដែលឈរជើងការពារ ក្នុងបរិវេណវត្ដខែលជ័យ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានចុះកិច្ចប្រតិបត្តិការធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យឈ្មោះ ហាក់ សៀងហាន ភ្លាមនោះស្រាប់តែឈ្មោះ ហាក់ សៀងហាន មិនព្រមសហការបានធ្វើការវាយប្រតាយប្រតប ជាមួយកម្លាំងសមត្ថកិច្ច និងប្រជាការពារ ក្នុងពេលកិច្ចប្រតិបត្ដិការចាប់ខ្លួន ហើយក៏បាននាំជនសង្ស័យខាងលើមកធ្វើការសួរនាំ និងត្រួតពិនិត្យជាតិអាកុលលើជនសង្ស័យ ដោយលទ្ធផលក្នុងការពិនិត្យជាតិអាកុលជនសង្ស័យ មានជាតិអាកុលរហូតដល់ ១.៣៣ ក្នុង ១លីត្រខ្យល់ ។
លុះរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២0១៩ មានការអង្វរកររបស់សាច់ញាតិ ព្រមទាំងម្ដាយ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ឱ្យជួយសម្របសម្រួលនឹងបញ្ចប់ ករណីនេះនៅត្រឹមអធិការដ្ឋាននគរបាលស្រុកកំពង់សៀម។ ដោយមានការអង្វរកររបស់សាច់ញាតិ ព្រមទាំងម្ដាយ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ លោកអធិការ បានសុំគោលការណ៍លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការអប់រំជនសង្ស័យឈ្មោះ ហាក់ សៀងហាន នៅត្រឹមអធិការដ្ឋាននគរបាលស្រុកកំពង់សៀម តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានអនុញ្ញាតិឱ្យធ្វើការអប់រំជនសង្ស័យឈ្មោះ ហាក់ សៀងហាន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៅវេលាម៉ោង 0៩៖១៥នាទី នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២0១៩ ។
ក្រោយពីធ្វើការអប់រំណែនាំរួច ពេលជនសង្ស័យឈ្មោះ ហាក់ សៀងហាន ត្រឡប់ទៅដល់មូលដ្ឋានវិញ ស្រាប់តែម្ចាស់ហ្វេសបុកឈ្មោះ Bun Thern បានសរសេរលើអក្សរបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសបុកថា «ក្នុងនាមជាប្រជាពលរដ្ឋរស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយរកយុត្តិធម៌ឱ្យបងប្រុសខ្ញុំផង ឱ្យពួកខ្ញុំរស់នៅយ៉ាងណាបើគ្រាន់តែបងប្រុសខ្ញុំ ប្រកែកពាក្យសំដីជាមួយគ្នាបន្ដិចគាត់មកផ្ទះវិញហើយ មិនទាន់ដល់ផ្ទះបងស្រាប់តែ លោកអធិការស្រុកកំពង់សៀម លោក ឯក ប៉ាន់ដន មកចាប់បងខ្ញុំវៃ ហើយបញ្ជូនមកស្រុកវៃចាក់ទឹកសន្លប់ពីរដង ហើមគ្រប់កន្លែងឥលូវដេកពេទ្យហើយនៅ ៧ដេ»។
លោកអធិការនគរបាលបានបញ្ជាក់ថា «ពាក្យសំដីខាងលើនេះ គឺជាពាក្យសំដីមិនពិតដែលជាចេតនាមួយ ដែលចង់ឱ្យសាធារណជនពុំមានការជឿទុកចិត្តលើសមត្ថកិច្ច ។ ហើយម្យ៉ាងម្ចាស់ហ្វេសបុកឈ្មោះ Bun Thern គឺធ្លាប់បានសមត្ថកិច្ចឃាត់ខ្លួន បានក្នុងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២0១៨ ប្រព្រឹត្តនៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយត្រូវបានតុលាការកាត់ទោសឲ្យនៅក្រៅឃុំជា បណ្តោះអាសន្ន ហើយមានលិខិតដោះលែងពីពន្ធនាគារ»៕