(កំពង់ចាម)៖ សង្ក្រាន្តឆ្នាំ២០១៩ ព.ស ២៥៦២ ឈានចូល២៥៦៣ ជាពិសេសក្នុងថ្ងៃប្រារព្ធពិធីបុណ្យចូលឆ្នាំរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ឆ្នាំ២០១៩នេះ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត សរុបចំនួន ៣៣១.៧០៣នាក់ កើនឡើងលើសឆ្នាំមុន។
បើតាមលោក ស៊ាន សុគុន្ធ ប្រធានមន្ទីរទេសចរ ខេត្តកំពង់ចាម ឲ្យដឹងថា ឆ្នាំនេះភ្ញៀវទេសចរមានការកើនឡើង បើទោះបីអាកាសធាតុក្ដៅខ្លាំង និងមានការបង្កើតសង្ក្រាន្ត តាមតំបន់គោលដៅសំខាន់ៗ មួយចំនួនទៀតនៅក្នុងក្រុង-ស្រុក សរុបចំនួន ១៣កន្លែង ដើម្បីបង្កភាពសប្បាយរីករាយ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ ជូនប្រជាពលរដ្ឋ។
លោកថា នៅក្នុងឆ្នាំ២០១៩ នេះដែរ សាលាខេត្តបានកំណត់ឲ្យមន្ទីរទេសចរណ៍ សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងសាលាក្រុងកំពង់ចាម ទទួលភារកិច្ចរៀបចំសង្ក្រាន្ត នៅវាលស្មៅមុខសាលា ខេត្តកំពង់ចាម ដោយមានភ្ញៀវមកលេងកំសាន្តយ៉ាងច្រើនកុះករ។ ជាក់ស្ដែង ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកំសាន្តនៅតាមរមណីដ្ឋាន នៃខេត្តកំពង់ចាម ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាឆ្នាំនេះ សរុបមានចំនួន ៣៣១.៧០៣នាក់ ក្នុងនោះអន្តរជាតិ មានចំនួន ៩៤៨នាក់ ភ្ញៀវជាតិកើនឡើង ៦% និងអន្តរជាតិ កើនឡើង ២៧% បើធៀបទៅនឹងឆ្នាំ២០១៨ កន្លងទៅ។
លោកប្រធានមន្ទីរ បញ្ជាក់ថា ដើម្បីបង្កសប្បាយភាពដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវបានទស្សនាកំសាន្ត មន្ទីរទេសចរណ៍ខេត្ត បានសហការណ៍ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរៀបចំកម្មវិធី នៅតាមរមណីដ្ឋានលេងល្បែងប្រជាប្រិយ ដូចជា ទាញព្រ័ត្រ ចោលឈូង លាក់កន្សែង បោះអង្គុញ លោតបាវ វាយក្អម និងរាំកំសាន្ត ជាដើម ដើម្បីបម្រើការសប្បាយជូនប្រជាពលរដ្ឋ ក្នុងន័យលើកកម្ពស់វប្បធម៌ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ ក្រោមម្លប់សន្តិភាពនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕