(ភ្នំពេញ)៖ ឆ្នាំនេះពលរដ្ឋខ្មែរស្គាល់ក្តីសប្បាយរីករាយដែលមិនធ្លាប់មានពីមុន!យើងអាចនិយាយបានថា មិនដែលដែលធ្លាប់មានទេក្នុងប្រវត្តិសាស្ត្រកម្ពុជាដែលប្រជាពលរដ្ឋបានជួបជុំធ្វើដំណើរកម្សាន្ត និងសប្បាយរីករាយពេលបុណ្យធំៗដូចជា បុណ្យចូលឆ្នាំប្រពៃណីជាតិដែលទើបតែបញ្ចប់ទៅនេះជាដើមដូចរូបភាព នៅតាម២៥រាជធានីខេត្ត ដែលមិត្តភក្រ្តរួមការងារជាមួយខ្ញុំបានផ្ញើមកជាភស្តុតាងជាក់ស្តែងហើយដែលខ្ញុំដាក់ភ្ជាបនឹងអត្ថបទនេះ។
ឆ្នាំនេះពលរដ្ឋគ្រប់ទិសទីបានសប្បាយរីករាយលើសពីបណ្តាឆ្នាំណាៗទាំងអស់។ ក្នុងរយៈពេល៣ថ្ងៃនៃពិធី បុណ្យចូលឆ្នាំថ្មី ឆ្នាំកុរនេះគេបានសង្កេតឃើញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរមានក្តីសប្បាយ រីករាយលើសពីបណ្តាឆ្នាំមុនៗទៅទៀត។ នៅលើបណ្តាញសង្គមគេឃើញតែរូបភាព សប្បាយរីករាយ ជួបជុំគ្រួសារ រាំរែក ហូបចុក និងដើរកម្សាន្តដោយក្តីសោមនស្សនិងសុខដុមរមនាយ៉ាងក្រៃលែង។
យោងរបាយការណ៍វាយតម្លៃជាបឋម មានអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ ជាង៧លាននាក់បាននាំគ្នាដើរកម្សាន្តនៅគ្រប់ទិសទីពេញផ្ទៃប្រទេស។ តួលេខនេះមិនទាន់រាប់បញ្ចូលអ្នកដែលជួបជុំគ្រួសារសប្បាយ រីករាយនៅតាមផ្ទះដោយសារអាកាសធាតុក្តៅ ឬម្យ៉ាងដោយសារតែមិនចង់ប្រជ្រៀតជាមួយ មនុស្សម្នាច្រើនពេកពេលបុណ្យទាននោះឡើយ។
ម្យ៉ាងវិញទៀត ក៏មានពលរដ្ឋខ្មែរជាច្រើនទៀតបានចាកចេញទៅធ្វើទេសចរណ៍នៅក្រៅប្រទេសក្នុងកំឡុងពេលបុណ្យចូលឆ្នាំនេះផងដែរ។ បើនិយាយឲ្យចំទៅ ពលរដ្ឋខ្មែរទូទាំងប្រទេសសុទ្ធតែបានសប្បាយរីករាយពេលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រីឯការ សប្បាយរបស់ពួកគេទៀតសោត ក៍មានសភាពអឺងកង អធិកអធម ប្រកបដោយក្តីសោមស្សលើស ពីបណ្តាឆ្នាំមុនៗទៅទៀត។ មានមូលហេតុច្រើនយ៉ាងដែលគេអាចលើកមកពន្យល់ពីទិដ្ឋភាពនេះបាន៖
មូលហេតុទី១៖ គឺដោយសារតែ ប្រទេសកម្ពុជាមានសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះមិនអាច បដិសេធបានក្នុងការបង្កការ សប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរណ៍អន្តរជាតិ។
មូលហេតុទី២៖ គឺដោយសារតែ ប្រជាពលរដ្ឋខ្មែរកាន់តែមាន ជីវភាពកាន់តែកើនឡើងល្អប្រសើរដែលអនុញ្ញាតឲ្យពួកគេមានលទ្ធភាពធ្វើដំណើរកម្សាន្តសប្បាយ តាមដែលពួកគេចង់បាន។ កត្តាជីវភាពកើនឡើងជាហេតុផលដ៏សំខាន់មួយដែលធ្វើឲ្យពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះទទួលបានការសប្បាយ រីករាយភ្លូកទឹកភ្លូកដីមិនធ្លាប់មាន។ យានជំនិះគ្រប់ប្រភេទបានធ្វើដំណើរទៅគ្រប់ច្រកល្ហកនៅទូទាំងប្រទេស។
មូលហេតុទី៣៖ ដោយសារឆ្នាំនេះ ប្រទេសជាតិមានស្ថានភាពនយោបាយល្អប្រសើរពោលគឺគ្មានវិបត្តិនយោបាយអូសបន្លាយរ៉ាំរ៉ៃ គ្មានភាពវឹកវរក្រោយការបោះឆ្នោតដូចកាលពីលើកមុនៗឡើយ។
ការបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ២០១៨ ដែលមានអ្នកចូលរួមបោះឆ្នោតរហូតដល់ជាង ៨៣% គឺជាការបោះឆ្នោតដែលប្រកបដោយសុខសន្តិភាព បំផុត។
ក្រោយការបោះឆ្នោតអ្វីៗដំណើរការទៅជាធម្មតាដោយគ្មានផលរមាស់អ្វីកើតឡើងទាំងអស់។ ស្ថានភាពនយោបាយល្អក្រោយការបោះឆ្នោតគឺជាឱកាសមានសម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក កម្មករ ក៏ដូចជាកសិករ និងពាណិជ្ជករគ្រប់ប្រភេទ ក្នុងការបង្កើនជីវភាព របស់ខ្លួនដោយគ្មានក្តីបារម្ភ គ្មានការរំខានអ្វីទាំងអស់។
មូលហេតុទី៤៖ មន្ត្រីរាជការ ក៏ដូចជាកម្មករកម្មការនីបានទទួលការ ដំឡើងប្រាក់ខែជាបន្តបន្ទាប់ ជាពិសេសអាចបើកប្រាក់ខែដល់ទៅពីរដងក្នុងមួយខែ។
នេះគឺដោយសារគោលនយោបាយគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្មករ ពីសំណាក់រាជរដ្ឋាភិបាល។ ក្រៅពីបានប្រាក់ខែច្រើនជាងមុន មន្ត្រីរាជការក៏បានទទួលប្រាក់ឧបត្ថម្ភបន្ថែម ៥ ម៉ឺនរៀលសម្រាប់ពិធីបុណ្យ ចូលឆ្នាំគួបផ្សំនឹងការអាចបើកប្រាក់ខែពេញមួយខែមេសាមុនពិធីបុណ្យចូលឆ្នាំថែមទៀត។ ចំណែកឯប្រជាពលរដ្ឋ ក៏ដូចជាកម្មករ មន្ត្រីរាជការដែលខ្វះខាតមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ក៏អាចធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃថែមទៀតដែលរដ្ធាភិបាលបានគិតគូររៀបចំ។ តើអ្នកណាមិនសប្បាយរីករាយក្នុងការទទួលផលប្រយោជន៍អស់ទាំងនេះ?
មូលហេតុទី៥៖ គឺដោយសាររដ្ឋាភិបាលទើបតែបានប្រកាសចេញគោលនយោបាយ កំណែទម្រង់ដ៏មុតស្រួចជាកញ្ចប់ដែលធានាដល់អ្នកវិនិយោគទុនក្នុងស្រុកទាំងអ្នកវិនិយោគទុន បរទេស ក៏ដូចជាពលរដ្ឋខ្មែរទូទៅជាពិសេសបុគ្គលិកកម្មករ ដែលបម្រើការងារក្នុងគ្រប់វិស័យឲ្យមានភាពកក់ក្តៅក្នុងចិត្តយ៉ាងខ្លាំងអំពីអនាគរបស់ខ្លួន។
មូលហេតុទី៦៖ ឆ្នាំនេះបណ្តាខេត្ត រាជធានីនីមួយៗបានរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួនដោយគ្មានការរៀបចំ ពិធីធំតែមួយដូចជាការរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តដូចរាល់ឆ្នាំឡើយ។ ការអនុញ្ញាតឲ្យខេត្ត រាជធានី នីមួយៗរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួនធ្វើឲ្យពលរដ្ឋក៏ដូចជាអាជ្ញាធរដែនដីនីមួយៗមានឱកាស បង្កការកម្សាន្តសប្បាយជាមួយគ្នាដោយមោទនភាព។ ម្យ៉ាងទៀតអាជ្ញាធរដែនដីនិមួយៗបានចូលរួមយ៉ាងសកម្មក្នុងការបង្កការសប្បាយរីករាយ ដល់ពលរដ្ឋដូចជាការបញ្ចេញឡានទឹកដើម្បីបាញ់ទឹកនៅ កន្លែងជួបជុំធ្វើឲ្យបរិយកាសមានសភាពត្រជាក់ចៀសផុតពីកម្តៅថ្ងៃដ៏ក្តៅស្អុះស្អាប់ ហើយក៏ជាការបង្កបរិយាកាសឲ្យពលរដ្ឋសប្បាយរីករាយយ៉ាងក្រៃលែង។ កិច្ចការពារសន្តិសុខក៏បានទទួលជោគជ័យយ៉ាងល្អប្រសើរផងដែរ។
សរុបទៅអ្វីៗគ្រប់យ៉ាងដូចបាន រៀបរាប់ខាងលើនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ប្រជាពលរដ្ឋខ្មែរនិងក៏ដូចជាសម្រាប់ប្រទេសកម្ពុជាទាំងមូល។
សមិទ្ធផលទាំងនេះបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។ សុខសន្តិភាព ស្ថិរភាព នយោបាយនិងការអភិវឌ្ឍន៍ ដែលធ្វើឲ្យមានកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ គឺជាក្តីសង្ឃឹមថ្មី និងកាន់តែរឹមាំជាលំដាប់សម្រាប់ប្រជាពលរដ្ឋខ្មែរ។ មិនត្រឹមតែពលរដ្ឋខ្មែរ
ក្នុងស្រុកទេ សូម្បីពលករដែលកំពុងបម្រើការងារនៅក្រៅប្រទេសដូចជានៅកូរ៉េ ជប៉ុន ជាដើម ក៏ទទួលបានការសប្បាយរីករាយដូចគ្នាដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់គឺ ភាពស្ងប់ស្ងាត់ខាងនយោបាយគឺជាមុខមាត់ថ្មី និងក្តីសង្ឃឹមថ្មីសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយម ដែលពឹងផ្អែកលើបរទេសឲ្យមកបំផ្លាញខ្មែរបានឈានដល់ទីបញ្ចប់ រីឯសករាជនយោបាយថ្មីដែលឈរលើកម្លាំងខ្លួនឯង ការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំ កំពុងបើកទំព័រថ្មីនៅលើទឹកដីព្រះរាជាណាចក្រអច្ឆរិយៈ។ ក្តីសប្បាយរីករាយទាំងនេះ សុខសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍន៍ ដែលកំពុងមានពេលនេះត្រូវបានធានាយ៉ាងរឹងមាំដោយឆន្ទៈយ៉ាងមុតស្រួចរបស់លោកហ៊ុនសែន។ ដូច្នេះយើងទាំងអស់គ្នាសូមចូលរួមការពារក្តីសប្បាយរីករាយ ដែលពុំធ្លាប់មាននេះឲ្យស្ថិតស្ថេរគង់វង្សជារៀងរហូតដោយមិនអនុញ្ញាតឲ្យមានមជ្ឈដ្ឋានអគតិណាមួយមកបំផ្លាញបាននូវតំលៃនៃសន្តិភាព ដែលកាន់តែមានហាងឆេងនេះឲ្យបានជាដាច់ខាត៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ