(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩នេះ គឺជាខួបលើកទី៤៤ឆ្នាំ នៃការឡើងកាន់អំណាច របស់ពួកខ្មែរក្រហម។ ៤៤ឆ្នាំមុនថ្ងៃនេះ គឺថ្ងៃដែលធ្វើឱ្យប្រជាពលរដ្ឋនៅ ក្នុងក្រុងភ្នំពេញ ជួបនូវភាពវឹកវរ ឥត គណនា ហើយត្រូវជម្លៀសដោយបង្ខំចេញពីលំនៅដ្ឋានទៅកាន់ទីជនបទ។ ក្តីរំពឹងចំពោះរបបថ្មីដែលកើតចេញពីបដិវត្តរបស់ខ្មែរក្រហមថា នឹងនាំឱ្យពួកគេទទួលបានសុខសន្តិភាព ឆ្ពោះទៅរកភាពល្អប្រសើរនោះ បែរជារលាយសូន្យសុង ប្រែក្លាយជារបបយង់ខ្នងព្រៃផ្សៃបំផុតមួយនៅលើពិភពលោក។
ការជ្រួលច្របល់ ចាប់ផ្ដើមឡើងនៅព្រឹកព្រលឹម នៃថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គឺនៅពេលដែលគេឃើញកងទ័ពកុម្មុយនិស្តខ្មែរក្រហមស្លៀកពាក់ខ្មៅ បានសម្រុក ចូលទីក្រុងភ្នំពេញ ពីគ្រប់ច្រក។
សមរភូមិចុងក្រោយថ្ងៃ ១៧មេសា កងទ័ពសាធារណរដ្ឋខ្មែរលើកទង់ជ័យស ព្រមចុះចាញ់។ ចំណែកប្រជាជននៅទីក្រុងទាំងអស់នាំគ្នា ចេញមកស្វាគមន៍ការចូលមកដល់របស់កងទ័ពខ្មែរក្រហមដែលពាក់ឈុតខ្មៅ កាន់អាវុធគ្រប់ដៃមានអាកា៤៧ គ្រាប់បែក និងស្ពាយបេ។ ប្រជាជន ទាំងអស់ រីករាយ ហើយ សង្ឃឹមថា ប្រទេសជាតិ មានសន្តិសុខ សុខសាន្តត្រាណ ហើយព្រោះកងទ័ពខ្មែរក្រហមនោះ ស្ថិតក្រោមរដ្ឋាភិបាល ដែលមានសម្តេច សីហនុ ជាប្រមុខនោះ។
ចាប់ពីចូលបានកាន់អំណាច នៅថ្ងៃទី១៧ មេសា ១៩៧៥ ពួកខ្មែរក្រហម នៅតែបន្តហៅខ្លួនឯងថាជា «រាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា» ដដែលក៏ប៉ុន្តែអំណាច ពិត ប្រាកដមិនមែន ស្ថិតក្នុងដៃរដ្ឋាភិបាលរួបរួមជាតិនេះទេ គឺស្ថិតក្នុងដៃពួកខ្មែរក្រហមតែម្នាក់ឯង។
យ៉ាងណាមិញ អ្វីដែលគួរឲ្យកត់សម្គាល់ គឺទាហានខ្មែរក្រហមដែលមានសម្លៀកបំពាក់ខ្មៅភាគច្រើនជា ក្មេងមានអាយុចន្លោះពី១៦ ទៅដល់១៧ឆ្នាំ ហើយពួកគេមានទឹកមុខមាំមិនញញឹមញញែមបន្តិចសោះ។ ទាហានទាំងនោះ បានប្រកាសឲ្យប្រជាជនចេញពីទីក្រុង ២ទៅ៣ថ្ងៃ ដោយមិនចាំបាច់យកសម្ភារៈទៅច្រើនទេ ព្រោះប្រជាជនទាំងនោះអាចត្រឡប់មកស្រុកវិញក្រោយពេល២ ឬ៣ថ្ងៃទៀតបាន។
ប្រជាជនណាដែលដើរយឺតត្រូវកងទ័ពខ្មែរក្រហាមបាញ់សម្លាប់ចោលនៅតាមផ្លូវ ហើយប្រជាជនរាប់សែននាក់ ដែលព្យាយាមចាកចេញពីក្រុងតាមបទបញ្ជានោះដឹងច្បាស់ថា ពួកគេទំនងជាគ្មានវាសនាត្រលប់មកជួបជុំបងប្អូនម្តាយឪពុកនៅផ្ទះវិញឡើយ។ ប្រជាជនខ្លះដែលចាស់ជរានោះដួលឈឺដេករណូករណែលតាមផ្លូវ សូម្បីអ្នកជំងឺដែលដើរមិនរួចនោះក៏ត្រូវបង្ខំចិត្តវារចេញពីមន្ទីរពេទ្យ ជាមួយមនុស្សរាប់សែននាក់ទៀតដែរ។
ក្រៅពីជម្លៀសមនុស្សចេញពីក្រុង ខ្មែរក្រហមបានលុបចោលនូវរាល់កម្មសិទ្ធិឯកជន ហើយរូបីយវត្ថុជាតិត្រូវគេបោះបង់ ធនាគារជាតិរងការបំផ្លិចបំផ្លាញ មិនដំណើការឡើយ។ ទីតាំងរោងចក្រឧស្សាហកម្មវិញនោះត្រូវគេបោះបង់ចោល គ្មានដំណើរការទេ គ្មានឡើយកម្មសិទ្ធឯកជន ព្រោះគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ។ វត្តអារ៉ាមដែលធ្លាប់ជាកន្លែងសក្ការៈបូជាតាមបែបព្រះពុទ្ធសាសនានោះត្រលប់ទៅកន្លែងចិញ្ចឹមជ្រូក ហើយព្រះសង្ឃត្រូវខ្មែរក្រហមចាប់ផ្សឹក និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់ផងក៏មាន។
សូមជំរាបថា មានពលរដ្ឋកម្ពុជាជាង១.៧លាននាក់ ទៅ២.២លាននាក់ ត្រូវបានបាត់បង់ជីវិត ដោយការសម្លាប់ការបង្អត់អាហារ ជំងឺតម្កាត់ និងអំពើ អមនុស្សធម៌ផ្សេងៗទៀត៕