(ភ្នំពេញ)៖ របាយការណ៍បឋមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឱ្យដឹងថា តាមការវាយតម្លៃជំហានដំបូង គឺក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ សរុបប្រមាណ ៤,៧២៦,៦០២នាក់ ដែលកើនឡើង ៦៧.០២%។
បើតាមការវាយតម្លៃជាបឋមរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា មានភ្ញៀវជាតិមានចំនួន ៤,៦៣៩,៣៤១នាក់ កើនឡើង ៦៦.៤០% ភ្ញៀវអន្តរជាតិ មានចំនួន៨៣,១២៣នាក់ កើនឡើង ៩៨.២៧% ក្នុងនោះ នៅថ្ងៃទី១ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ៨១៦.៤៩៦នាក់ កើនឡើង ៩.៤០% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៧៨៣,៦៣២នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ៣២.៦៦៤នាក់, ថ្ងៃទី២ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ១,៦០៩,៧២១នាក់ កើនឡើង២៨.៣៣% ក្នុងនោះ ក្នុងនោះភ្ញៀវជាតិមានប្រមាណ១,៥៨២,១២៩នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ២៧,៤៧៤នាក់ និងថ្ងៃទី៣ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ២,២៧៥,១៨៥នាក់ កើនឡើងប្រមាណ១៥៩.៨៥% ក្នុងនោះភ្ញៀវជាតិមានប្រមាណ២,២៧៣,១៨០នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ២២,៩៨៥នាក់។
គួរឱ្យកត់សម្គាល់ថា តួលេខខាងលើគឺគ្រាន់តែជាការវាយតម្លៃជំហានដំបូង សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗតែប៉ុណ្ណោះ ដោយមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅបន្ទាប់បន្សំនានាដូចជាវត្តអារាម សាលារៀន ភូមិ-ឃុំ-ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង៣លាននាក់ទេ សម្រាប់រយៈពេល៣ថ្ងៃនេះបន្ថែមពីលើចំនួនខាងលើ នេះបើតាមការបញ្ជាក់ពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
ចំណុចនេះត្រូវបានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បញ្ជាក់ច្បាស់ណាស់ថា ប្រជាពលរដ្ឋយើងពេញចិត្តនឹងសភាពការណ៍ស្រុកទេសបច្ចុប្បន្ន ពេញចិត្ត នឹងគាំទ្រដាច់ខាត ចំពោះការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រជាពលរដ្ឋ ពិតជាត្រូវការសុខសន្តិភាព និងការអភិវឌ្ឍន៍។ ប្រជាពលរដ្ឋបាននាំគ្នាដើរលេងកំសាន្តគ្រប់ទីកន្លែង តាមវត្តអារាម តាមសាលារៀន តាមភូមិ តាមផ្ទះសំបែងគ្រប់គ្រួសារ។ល។ សុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្លួនប្រកបដោយស្មារតីគោរពស្រឡាញ់ប្រពៃណី វប្បធម៌របស់ខ្លួន មានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ ប្រពៃណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ទេសចរជាតិ និងអន្តរជាតិ សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់មានកិច្ចសហការគ្នា និងមានការទទួលខុសត្រូវខ្ពស់ក្នងការរៀបចំ ចាត់តាំងព្រឹត្តការណ៍កំសាន្តបានល្អ។
នៅតាមផ្ទះសម្បែង និងតាមក្រុមតូចៗ ប្រជាពលរដ្ឋបានទិញធុង បាស់ទំនើប ប្រើប្រពន្ធ Bluetooth យ៉ាងងាយស្រួល។ នៅតាមវត្តអារាម តាមភូមិដ្ឋានកម្លាំងប្រជាកាពារបានបំពេញ តួនាទី ភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវល្អណាស់។ និយាយ រួមបងប្អូនប្រជាពលរដ្ឋយើង សប្បាយណាស់ឆ្នាំនេះ សប្បាយនឹងសុខសន្តិភាព សប្បាយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។ អ្វីៗវាបញ្ជាក់ច្បាស់នៅពេលនេះ ទោះបីកន្លងមកគេធ្លាប់និយាយថា នៅស្រុកខ្មែរហាក់ដូចមានបុណ្យចូលឆ្នាំច្រើន តែពេលនេះ បានឃើញនិងបញ្ជាក់ច្បាស់ហើយ ថាខ្មែរ គឺជាខ្មៃរ គឺជាប្រជាជាតិមួយដែលធ្លាប់មានអម្បូរពូជពង្ស និងវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររុងរឿង។
ក្រោមម្លប់នៃសន្តិភាព និងការរីកចម្រើន ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍ ដែលបានធ្វើឱ្យពួកគាត់មានការរីករាយ ព្រមទាំងបានធ្វើឱ្យការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះប្រព្រឹត្តទៅបានយ៉ាងល្អ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរពិតៗ៕