(ស្វាយរៀង)៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង មានប្រជាពលរដ្ឋមកពីគ្រប់ទិសទីចូលរួមកម្សាន្តសប្បាយ ប្រមាណជាង៤៦ម៉ឺននាក់ បានបង្កភាពសប្បាយរីករាយ រាំលេងកម្សាន្ត និងដើរលេងទស្សនាតាមស្តង់លក់ដូរនានាក្នុងក្រុងស្វាយរៀង ដែលញាំងឱ្យពិធីសង្ក្រាន្តស្វាយរៀង នៅឆ្នាំ២០១៩នេះ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់។ នេះបើយោងតាមគណៈកម្មការវាយតម្លៃ សង្ក្រាន្តស្វាយរៀង ប្រាប់ឱ្យដឹង នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩នេះ។
ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញធ្វើពិធីក្រុងពិលីបើកសង្ក្រានស្វាយរៀង និងអស់លោកស្រី និងមានការចូលរួមអមដំណើរដោយអភិបាលរងខេត្ត និងប្រធាន-អនុប្រធានគណៈកម្មការសង្ក្រាន្តស្វាយរៀង និងតំណាង ស.ស.យ.ក ខេត្តស្វាយរៀងជាច្រើនរូបទៀត។
ក្នុងឱកាសព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង លោកអភិបាលខេត្តបានលើកឡើងថា ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង មានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។
ឆ្នាំនេះជាលើកទី៣ហើយ ដែលថ្នាក់ដឹកនាំខេត្ត និង ស.ស.យ.ក ខេត្តស្វាយរៀង បានយកចិត្តទុកដាក់ក្នុងន័យបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀងនេះឡើងដើម្បី ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ទទួលទេវតាឆ្នាំថ្មីព្រះនាម «ទុង្សទេវី»។ បង្ហាញការថែរក្សា និងលើកស្ទួយនូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដ៏រុងរឿងរបស់ខ្មែរ។ ផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ។
សូមជម្រាបថា កម្មវិធីនៃព្រឹត្តិការណ៍នេះរួមមាន៖ ការប្រគុំតន្ត្រីបុរាណសម័យ ការដាក់តាំងពិព័រណ៍ផលិតផលក្នុងខេត្ត ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត៕