(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ អាជ្ញាធរតាមបណ្តាខេត្ត ដែលបានរៀបចំ សង្រ្កាន្ត ដ៏ស្រស់ស្អាត ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានកំសាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
ស្របពេលដែលប្រជាពលរដ្ឋកំពុងកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះ សម្តេចតេជោ ហ៊ុន សែន ក៏មានប្រសាសន៍ អំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្រួល និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីធានាសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ព្រមទាំងទេសចរបរទេស បានកំសាន្តសប្បាយនៅគ្រប់ទីកន្លែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
បន្ថែមពីនេះ សម្តេចតេជោ បានបន្ថែមទៀតថា សន្តិភាព បានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនលូតលាស់ទៅមុខជានិច្ច។ សន្តិភាព បានផ្តល់ឱកាសឱ្យបងប្អូនជនរួមជាតិ និងក្មួយៗយុវជនប្រារព្ឋពិធីបុណ្យតូចធំនៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង។
សូមបញ្ជាក់ថា នៅឆ្នាំនេះ បណ្តាខេត្តនានា បានចាប់ផ្តើមរៀចចំសង្រ្កាន្តរៀងៗខ្លួន ដើម្បីបង្កបរិយាកាសសប្បាយរីករាយនៅតាមមូលដ្ឋាន ខណៈដែលឆ្នាំមុនៗ ពិធីអង្គរសង្ក្រាន្តតែងតែលេចធ្លោជាងគេ នៅពេលបុណ្យចូលឆ្នាំ ប៉ុន្មានឆ្នាំងកន្លងទៅនេះ៕