(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន និងលោក ហួត វុទ្ធី ព្រះរាជអាជ្ញាខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាលចុះបង្ក្រាបករណីក្រុមដាក់កុងត្រូលជជុះ ដើម្បីយកលុយពីប្រជាពលរដ្ឋ (ល្មើសបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាល) នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ក្រោយទទួលបានបទបញ្ជានេះ បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ កែវ ឌឿន ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ដើម្បីយកទៅធ្វើការសួរ។
ស្នងការនគរបាលខេត្តកំពង់ចាម បានបន្ថែមថា ពេលកម្លាំងនគរបាលបើរថយន្តដឹកឈ្មោះ កែវ ឌឿន ចេញមកដល់ចំណុចតាមផ្លូវលំក្នុងភូមិសំព័រ ស្រាប់តែមានរថយន្តចំនួន០២គ្រឿងផ្សេងទៀត បានមកកាក់ផ្លូវរថយន្តនគរបាលយើងពីមុខ និងពីក្រោយមិនឲ្យទៅមុខបាន ហើយក្រុមនោះបានចុះពីលើរថយន្តមករារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្តរបស់សមត្ថកិច្ច មិនឲ្យយកឈ្មោះ កែវ ឌឿន ទៅសាកសួរបានឡើយ។
ដោយឃើញសកម្មភាពរារាំង ជេរប្រមាថ និងបំផ្លិចបំផ្លាញរថយន្តរបស់សមត្ថកិច្ចបែបនេះ កម្លាំងនគរបាលជំនាញបានសុំគោលការណ៍ពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ទៀតរួមមាន៖ ទី១៖ឈ្មោះ ស្រ៊ី វ៉ាន់ដែន អាយុ៣៧ឆ្នាំ, ទី២៖ឈ្មោះ ស្រ៊ី វ៉ាន់ដា អាយុ៣៨ឆ្នាំ, ទី៣៖ឈ្មោះ ស្រ៊ី វ៉ាន់ដេត អាយុ៣៥ឆ្នាំ, ទី៤៖ឈ្មោះ ស្រ៊ី គឹមស្រស់ ភេទស្រី អាយុ៣១ឆ្នាំ និងទី៥៖ឈ្មោះ ឌឿន ឧត្តម អាយុ១៩ឆ្នាំ។ ជនទាំង០៥នាក់ខាងលើ មានទីលំនៅភូមិសំព័រ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
បច្ចប្បន្នជនទាំង០៦នាក់ខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕