(ព្រៃវែង)៖ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថាចំណាកស្រុកដើម្បីការងារ គឺជាការបង្ហាញនូវការរីកចម្រើបមួយផ្នែកសេដ្ឋកិច្ចពលកម្ម និងសេដ្ឋកិច្ចមុខរបរ ។
លោកបានសង្កត់ធ្ងន់ថា លំហូនៃពលករចំណាកស្រុក គឺវាស្របទៅនឹងគោលការណ៍សកលនៃលក្ខណៈសេដ្ឋកិច្ច ព្រោះថាការបញ្ជូនពលករទៅក្រៅប្រទេសនឹងជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការទាញយកជំនាញពីប្រទេសសេដ្ឋកិច្ចជឿនលឿនមកអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជានាពេលអនាគត។
លោក ស្តើង សុខុម បានថ្លែងបែបនេះ នៅក្នុងពីធីអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីចំណាកស្រុកប្រមាណ ជាង៥០០នាក់នៅក្នុងស្រុកកំចាយមារ នាព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០១៩។
បើយោងតាមរបាយការណ៍របស់ស្រុកកម្មករ កម្មការិនីចំណាកស្រុកទាំង៥០០នាក់នេះ មានមកពីប្រទេសថៃ ប្រទេសជ្សេងៗមួយចំនួន និងពលករចំណាកស្រុកដែលធ្វើការនៅក្នុងប្រទេស និងមួយចំនួនធ្វើការនៅក្នុងស្រុកកំចាយមារតែម្តង។
នៅក្នុងពិធីនោះលោក ស្តើង សុខុម បានសម្ដែងការរីករាយដែលបានជួបជាមួយបងប្អូនពលករចំណាកស្រុកទាំងអស់ នៅក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណិជាតិ។ ក្នុងនាមជាតំណាងមួយរូបរបស់រាជរដ្ឋាភិបាល និងរបស់គណបក្សប្រជាជនកម្ពុជា លោក ស្តើង សុខុម បាននាំមកនូវសេចក្ដីនឹករលឹកការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុ ជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសពីសម្ដេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនពលករចំណាកស្រុកទាំងអស់សូមប្រក បដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយនិងសូមឆ្នាំថ្មីនាំមកនូវជោគជ័យសេរីសួស្ដីគ្រប់ប្រការដល់បងប្អូនខ្មែរទាំងអស់។
លោក ស្តើង សុខុម ក៏បានកោតសរសើរចំពោះបងប្អូនទាំងអស់ដែលបានធ្វើចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសនិងក្រៅប្រទេសដែលជាការ រួមចំណែកមួយដ៏សំខាន់មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារប៉ុណ្ណោះទេតែវាក៏បានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេស មានការរីកចម្រើនផងដែរ។ លោកបានបន្តថាលំហូរចំណាកស្រុករបស់ពលករខ្មែរ គឺវាស្របទៅនឹងគោលការណ៍សកលនៃលក្ខណៈសេដ្ឋកិច្ច ដែលត្រង់ចំណុចនេះលោកពន្យល់ថាការបញ្ជូនពលករទៅក្រៅប្រទេសនឹងជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុក ជាពិសេសការទាញយកជំនាញពីប្រទេសសេដ្ឋកិច្ចជឿនលឿនមកអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជានាពេលអនាគត។
លោកអះអាងទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភាបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ពិសេសការបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី និងទ្វេរភាគីដើម្បីបើកទូលាយទីផ្សារការងារស្របច្បាប់នៅក្រៅប្រទេស និងទប់ស្កាត់ទេសសន្តរប្រវេសន៍ការងារដោយខុសច្បាប់, លើកកម្ពស់ការ គាំពារសិទ្ធិ និងផលប្រយោជន៍សុខភាព និងសុវត្ថិភាពការងារ, កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ពលករការផ្តល់ការសម្របសម្រួលទំនាក់ទំនង ជាមួយគ្រួសារ និងការធ្វើសមាហរណកម្មពលករទេសន្តរប្រវេសន៍ ដែលធ្វើមាតុភូមិនិវត្តន៍តាមរយៈការទទួលស្គាល់ជំនាញ, ការផ្ទេររបបសន្តិសុខសង្គមមកក្នុងប្រទេស, ការផ្តល់ប្រឹក្សាការងារធ្វើ និងការបង្កើតមុខរបរដោយខ្លួនឯង។
នៅចំពោះមុខបងប្អូនពលករចំណាកស្រុកទាំងអស់ លោក ស្តើង សុខុម ក៏បានលើកឡើងមកពន្យល់បងប្អូនអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនដែលក្រៅពីការខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិ ហើយនោះរាជរដ្ឋាភិបាលបានខិតខំស្តារនិងអភិវឌ្ឍន៍ប្រទេសឡើងវិញតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងប្រទេសទាំងមូលធ្វើគម្លា តរវាងជនបទ និងទីក្រុងកាន់តែខិតជិតគ្នា។ រាជរដ្ឋាភិបាលបានដាក់ចេញនូវចំណុចអាទិភាព ៤ ក្នុងគោលដៅអភិវឌ្ឍន៍ប្រទេសដែលក្នុងនោះរួមមាន មនុស្ស ទឹក ផ្លូវ និងភ្លើង។
លោក ស្តើង សុខុម បន្តថាជាមួយកត្តាសន្តិភាព និងចំណុចអាទិភាពទាំង៤ បានបង្កនូវទំនុកចិត្តចំពោះវិនិយោគិនបរទេសដែលបានចូលមក បណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្នគ្រាន់វិស័យវិស័យឧស្សាហកម្ម និងសិប្បកម្មមានរោងចក្រសរុបចំនួនជាង១,៥០០រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសំលៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មមធ្យម និងសិប្បកម្មជាង១៥៦,៨៩០មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង ១លាននាក់។ ស្របនិងការរីកចម្រើនវិស័យឧស្សាហកម្ម និងសិប្បកម្មរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើជីវភាពរស់នៅចំពោះកម្មករនិយោជិតដោយបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងកើនឡើង ដល់១៨២ដុល្លារ ហើយបើកពីរដងក្នុងមួយខែនៅឆ្នាំ២០១៩ ដែលមិនទាន់គិតដល់ការទទួលបាននូវអត្ថប្រយោជន៍បន្ថែមផ្សេងទៀត ពីការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនេះរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមាណជាង ១,២លាននាក់មានជាអាទិ៍ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ប្រទេសម៉ាឡេស៊ី ជប៉ុន សិង្ហបុរី និងហុងកុង ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់និងមុខជំនាញបច្ចេកទេស។
លោក ស្តើង សុខុម បានធ្វើការពន្យល់ចំពោះបងប្អូនកម្មករទាំងអស់ថា ការធ្វើចំណាកស្រុកស្វែងរកការងារធ្វើវា គឺជាចរន្តសេដ្ឋកិច្ចមួយដែលមាន លក្ខណៈជាសាកល គឺគេមកធ្វើការនៅក្នុងប្រទេសយើង យើងទៅធ្វើការនៅក្នុងប្រទេសគេ បានសេចក្តីថាយើងស្វែងរកការងារដែលមានប្រាក់ខែ ខ្ពស់ ចំណែកគេក៏មកធ្វើការនៅក្នុងប្រទេសយើងទៅតាមជំនាញ និងសមត្ថភាពរបស់គេ។ លោកបន្តថានៅកម្ពុជារាជរដ្ឋាភិបាលបានខិតខំអូសទាញវិនិយោគទុនបរទេសមកបង្កើតរោងចក្រ បង្កើតការងារជូនពលរដ្ឋធ្វើ និងបានពង្រាយរោងចក្រមកតាមបណ្តាខេត្ត ដើម្បីកាត់បន្ថយនូវចំណាកស្រុក។ លោកបានលើកឡើងថា សូម្បីនៅស្រុកកំចាយមារ ក៏មានរោងចក្រផងដែរ ប៉ុន្តែសួរថាហេតុអ្វីបងប្អូននៅតែធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស និងនៅក្រុងភ្នំពេញននិងនៅខេត្តផ្សេងៗ ? នេះជាសេរីភាពរបស់បងប្អូនក្នុងការជ្រើសរើសធម្មតាពលករ តែងតែចង់បានការងារ ណាដែលមានប្រាក់ខែខ្ពស់ ហើយសក្តិសមជាមួយជំនាញ និងសមត្តភាពរបស់ខ្លួនម្នាក់ៗ។ បងប្អូនទៅធ្វើការនៅប្រទេសថៃ កូរ៉េ ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី គឺក្រៅពីទទួលបានប្រាក់ខែខ្ពស់ហើយបងប្អូននៅបានត្រឡប់មកវិញនូវជំនាញនិងបទពិសោធន៍ការងារល្អៗមកជាមួយទៀត។
ជាមួយគ្នានេះ លោក ស្តើង សុខុម ក៏បានធ្វើការរិះគន់ចំពោះអ្នកនយោបាយប្រឆាំងមួយចំនួន ដែលតែងគេងចំណេញខាងនយោបាយហើយចោទ រាជរដ្ឋាភិបាលថាដឹកនាំប្រទេសយូរៗទៅឲ្យពលករទៅធ្វើខ្ញុំគេ។ លោក ស្តើង សុខុម បានលើកជាសំណួរថា តើពួកអ្នកនិយាយបែបនេះមាន មើលខ្លួនឯងទេថាកំពុងធ្វើអ្វីនៅក្រៅប្រទេស តើខ្លួនធ្វើការងារអី? អតីតកាលរបស់ខ្លួនទៅដល់បរទេសដំបូងធ្វើអី? អ្នកខ្លះបើកឡានតាក់ស៊ី អ្នកខ្លះលាងចានគុយទាវ នេះជាងរឿងពិត ហើយត្រូវហានទទួលស្គាល់ការពិត។ លោកបន្តទៀតថា បងប្អូនអាចទៅភ្នំពេញ ទៅសៀមរាបមើលតើមានឃើញពួកបរទេសធ្វើការនៅភ្នំពេញទេ ពិសេសពួកច្រមុះស្រួច គឺមានគេមកស៊ីឈ្នួលធ្វើការនៅសណ្ឋាគារ នៅភោជនីយដ្ឋានឬរោងចក្រ ក្រុមហ៊ុន គឺគេមកធ្វើការនៅកម្ពុជាដោយសារនៅកម្ពុជាខ្វះអ្នកជំនាញ ដូចនេះគេមកកម្ពុជាបានប្រាក់ខែច្រើនគេមកធ្វើ។ ដំណាក់កាលតំបន់ភាវូបនីយកម្ម និងដំណាក់កាលសកលភាវូបនីយកម្ម គឺជាដំណាក់កាលនៃការពង្រីកទីផ្សារការងាររបស់យើង ដែលក្នុងមួយឆ្នាំៗកម្មករ កម្មការិនី របស់យើងបានបញ្ជូនប្រាក់ចូលមកក្នុងប្រទេសប្រមាណ២,០០០ លានដុល្លារសម្រាប់ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។
នៅក្នុងឱកាសនោះ លោកក៏បានលើកឡើងផងដែរពាក់ព័ន្ធការឃោសនាអំពីការដក EBA ពីកម្ពុជាដោយលោកបាន ស្នើឲ្យពលករទាំងអស់កុំខ្វល់អ្វីទាំងអស់ សំខាន់គ្រាន់តែដឹងថាបងប្អូនមានការងារធ្វើ មានប្រាក់ចំណូលចិញ្ចឹមគ្រួសារគឺជាការស្រេច ទោះបីអ្នកណាចង់និយាយអ្វីក៏និយាយទៅ បញ្ហាសំខាន់បំផុត គឺត្រូវខិតខំធ្វើការងាររក្សាឲ្យបាននូវសុខដុមបនីយកម្មក្នុងរោងចក្ររបស់យើង ដែលជាឆ្នាំងបាយរបស់យើង។
ជាមួយនេះ លោករដ្ឋលេខាធិការ ក៏បានអំពាវនាវទៅបងប្អូនពលករចំណាកស្រុកធ្វើការនៅក្រៅប្រទេសថា ក្រៅពីចង់បានប្រាក់ខែខ្ពស់ហើយនោះ បងប្អូនក៏ត្រូវខិតខំរៀនសូត្រនូវចំណេះជំនាញដែលបានធ្វើនៅក្នុងប្រទេសរបស់គេមកជួយអភិវឌ្ឍន៍ប្រទេសយើងផងដែរ។ បងប្អូនក៏អាចយកចំណេះដឹងនិងបទពិសោធន៍ទាំងនោះ មកបើកធ្វើអាជីវកម្មដោយខ្លួនឯងក៏បាន ព្រោះនេះវាជាឱកាសសម្រាប់បងប្អូនអាចក្លាយខ្លួនជាម្ចាស់អាជីវកម្មខ្នាតតូច ឬខ្នាតធំទៅតាមសមត្ថភាព និងលទ្ធភាពដែលខ្លួនមាន។ បើធ្វើបានដូចនេះបងប្អូនពិតជាបានអភិវឌ្ឍន៍ខ្លួនឯងពីអ្នកធ្វើការឲ្យគេមកជាម្ចាស់របស់គេ ដែលចំណុចមួយដ៏សំខាន់ដែលរាជរដ្ឋាភិបាលចង់បានបំផុត។
ជាចុងក្រោយលោក ស្តើង សុខុម បានស្នើឲ្យពលករចំណាកស្រុក និងមិនចំណាកស្រុក នៅក្នុងស្រុកកំចាយមារទាំងអស់ត្រូវខិតខំថែរក្សាឲ្យបាននូវអ្វីដែលកំពុងមាននៅក្នុងដៃ នោះគឺសុខសន្តិភាព មានសុខសន្តិភាព គឺមានអ្វីទាំងអស់ទាំងការងារ ទាំងប្រាក់ចំណូល ទាំងសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ដូចនេះត្រូវចង់ចាំថាអ្វីដែលបងប្អូនមានមកដល់ថ្ងៃនេះ គឺគណបក្សប្រជាជនកម្ពុជាជាអ្នកផ្តល់ឲ្យបងប្អូន យើងត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សានូវសុខសន្តិភាពនិង ការអភិវឌ្ឍប្រទេសកម្ពុជាឆ្ពោះទៅកាន់ចក្ខុវិស័យ ឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឈានទៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ជាចុងក្រោយលោក ស្តើង សុខុម ក៏បានផ្តល់ជាថិវកាជូនបងប្អូនកម្មករ កម្មការិនី ទាំងអស់ម្នាក់១០,០០០រៀលជាការកំដរដៃ៕