(ជប៉ុន)៖ ដើម្បីអបអរសាទរដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២-២៥៦៣នេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំពិធីប្រោះព្រំ សុំសិរីសួស្តី ជ័យមង្គល នៅស្ថានទូតក្នុងប្រទេសជប៉ុន។
សម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះទ័យនិមន្តមកកាន់ប្រទេសជប៉ុនចំនួន០៤ថ្ងៃ ដើម្បីប្រោះព្រំផ្តល់សិរីសួស្តី ជ័យមង្គល ដល់ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងបងប្អូនខ្មែរនៅប្រទេសជប៉ុន ដែលមានចំនួនជាង៣៥០នាក់ ក្នុងនោះកម្មសិក្សាការីចំនួនជិត១០០នាក់។
លោក Minoru KIUCHI អគ្គលេខាធិការសមាគម មិត្តភាពសភាជប៉ុន-កម្ពុជា និងជារដ្ឋលេខាធិការក្រសួងបរិស្ថានជប៉ុន និងភរិយា លោក Shigeki TAKIZAKI អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងនិរតីនៃក្រសួងការបរទេស ក្រសួងយុត្តិធម៌ និងមិត្តភក្តិជប៉ុនជាច្រើននាក់ទៀត ក៏បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីនេះដែរ។
នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ស្ថានទូតក៏បាននិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ ប្រោះព្រំផ្តល់សិរីសួស្តី ជ័យមង្គល ដល់បងប្អូនសហគមន៍ខ្មែរ និស្សិត និងកម្មសិក្សាការី នៅវត្តខ្មែរចំនួន២ គឺវត្តបារមីគីរីខេមរាភ្នំបិតាធំ និងវត្តខ្មែរសាមគ្គី ផងដែរ៕