(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅយប់នេះថា ក្នុងថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់អគ្គីភ័យកើតឡើងនៅទូទាំងប្រទេស ចំនួន២លើក ដោយបំផ្លាញផ្ទះពលរដ្ឋទាំងស្រុង២ខ្នង។
បើតាមលោកប្រធាននាយកដ្ឋានរូបនេះ គ្រោះថ្នាក់សង្គមទាំង២លើកនោះរួមមាន៖ ខេត្តព្រះវិហារ និងខេត្តកណ្តាល ដោយឆេះបំផ្លាញអស់២ខ្នង។
សូមជម្រាបថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញអគ្គិភ័យ ត្រូវត្រៀមលក្ខណៈ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចេញអន្ដរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ នៅពេលមានបញ្ហាអ្វីកើតឡើង តែទោះជាយ៉ាងណា ការចេញអន្ដរាគមន៍សង្គ្រោះ មិនល្អដូចប្រជាពលរដ្ឋបង្ការទប់ស្កាត់ដោយខ្លួនឯងនោះឡើយ។
លើសពីនេះ អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឲ្យសមត្ថកិច្ចជំនាញ ត្រូវចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មុនចាកចេញពីផ្ទះសំបែង ត្រូវពិនិត្យមើលចរន្ដអគ្គិសនី ទាន ភ្លើងធូកជាដើម ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់សង្គមមួយនេះ៕