(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីការលេងល្បែងឈួង ដែលជាល្បែងប្រជាប្រិយរបស់ខ្មែរយើង ដែលគេលេងខែចេត្រចូលឆ្នាំ យ៉ាងសប្បាយរីករាយដូចយើងឃើញនេះ ពីព្រោះក្នុងទស្សនៈថា ល្បែងនេះគឺជាប់ទាក់ទងរដូវកាល និងភោគផលកសិកម្ម ដោយឆ្លងពីខែចេត្រ ចូលខែពិសាខ ពីរដូវប្រំាង ចូលរដូវវស្សា ធ្វើស្រែចំការហ្នឹងឯង។ មានន័យថា «ចំពោះការលេងល្បែងឈួងនេះ មានលក្ខណះស្នេហាផង និងបង្កប់លក្ខណះជាពិធីផង»។
ដោយហេតុថាក្នុងការដែលគេលេងល្បែងឈួងនេះ ដោយប្រុសឈរម្ខាង ស្រីឈរម្ខាង ចំណែកឯឈួង គេបោះទៅវិញទៅមកនៅចំកណ្ដាលនេះ។ ស្ថិតត្រង់ចំណុចនេះប្រហែលជាឈួង គឺជានិមិត្ដរូបឲ្យគន្លងគោចរនៃព្រះចន្ទនិងព្រះអាទិត្យ ហើយដំណើរទំាងពីរនេះគឺផ្ទុយគ្នាដែលបង្កើតជាថ្ងៃនិងយប់។ ហើយម្យ៉ាងទៀត ព្រះចន្ទនិងព្រះអាទិត្យជាតំណាងឲ្យទឹកនិងភ្លើង ដែលខ្មែរយើងតែងមានទស្សនៈថានៅលើលោកនេះគឺតែងមានវត្ថុពីរផ្ទុយគ្នា ហើយទាក់ទងគ្នាជានិច្ចហ្នឹងឯង។
លោក រត្ន័ សណ្ដាប់ បន្ដថាបើតាមទំនៀមពីបុរាណនេះទៀតសោត ចំពោះការលេងល្បែងឈួងនេះ គឺឲ្យតែដល់ខែចេត្រចូលឆ្នាំ តែងតែមានព្រឹទ្ធាចារ្យពីរ-បីនាក់ បានដើរប្រកាសប្រាប់អញើញអ្នកភូមិស្រុករបស់ខ្លួនតាមផ្ទះនីមួយៗថា យើងឥលូវនេះដល់ខែចេត្រចូលឆ្នាំតាមសណ្ដាប់ព្រះវេនីពីបរមបរមបុរាណហើយ នឹងឈប់ខានពុំបានទេ។ បើដូច្នេះសូម អនុញ្ញាតពីមាតាបិតា ដែលមានកូនក្រមុំ កូនកម្លោះ ក្នុងក្រុមគ្រួសារនីមួយៗ មកលេងល្បែងឈួង ឬល្បែងដទៃទៀតដើម្បីឲ្យស្រុកទេសយើងបានកើតភោគផលសុខសប្បាយ។
ចំពោះរបៀបលេងល្បែងឈួងនេះផងដែរ គឺគេយកក្រមា ឬកន្សែង ឬស្រទបចេកមកមូរឆ្មូលឲ្យមូល ចងរឹតឲ្យតឹងមានទំហំប៉ុនលលាដ៍ដូង ហើយទុកកន្ទុយបន្ដិចសម្រាប់កាន់ឬបោះទៅរកគ្នាទៅវិញទៅមកហៅថា«ឈួង»។ ដោយក្នុងនោះអ្នកលេងទំាងអស់រួមគ្នាជា១ក្រុម ហើយចែកជាពីផ្នែក គឺពួកកម្លោះមានចាស់លាយខ្លះ១ផ្នែក និងពួកក្រមុំមានចាស់លាយខ្លះ១ផ្នែក ឬក៏ចម្រុះគ្នាក៏បាន។
ដោយក្នុងពួកនីមួយៗអាចមានគ្នាពី១០នាក់ ឬ២០នាក់ទ្បើងទៅ ហើយឈរតម្រៀបគ្នាជាជួរទល់មុខគ្នាក្នុងចម្ងាយឃ្លាតពីគ្នាប្រមាណ៨ ឬ១០ម៉ែត្រ។ ហើយមុននឹងបោះឈួងឲ្យចាប់ទៅវិញទៅមក ជាបឋមពួកខាងប្រុសត្រូវច្រៀងបួងសួង រំឭកនឹកគុណមាតាបិតា នឹងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ រហូតដល់អារុក្ខអារក្សអ្នកតាព្រៃភ្នំ យុំយក្ខមា មានព្រះឥន្ទព្រះព្រហ្មជាដើម ចប់សព្វគ្រប់ហើយទើបបោះឈួងឲ្យចាប់ អមជាមួយនឹងការទះដៃរំាច្រៀងយ៉ាងសប្បាយរីករាយ ជាទំនុកបុរាណដោយទ្បែកៗគ្មានចាប់ចុងជួនគ្នាទេ។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថាបើដូច្នេះចំពោះការលេងល្បែងឈួងនេះ គឺពុំត្រឹមជាល្បែងកំសាន្ដ ដោយមានការរំាច្រៀងយ៉ាងសប្បាយប៉ុណ្ណោះទេ។ តែក៏ជាល្បែង ដែលផ្ដល់នូវគុណប្រយោជន៍ដល់សុខភាពយើងផងដែរ គឺធ្វើឲ្យភ្នែកវាងវៃ ហាត់ដៃឲ្យត្រង់ផងដែរ៕