Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីសុខាភិបាល៖ គ្រប់មន្ទីរពេទ្យរដ្ឋ ពង្រឹងការប្រចាំការ២៤លើ២៤ម៉ោង ត្រៀមសង្គ្រោះពលរដ្ឋ ពេលមានបញ្ហាសុខភាព ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ (Video Inside)

15-04-2019 14:15

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មន្ដ្រីសុខាភិបាលទូទាំងប្រទេស បានពង្រឹងការដាក់វេនប្រចាំការជាប់និច្ច ២៤ លើ២៤ម៉ោង ត្រៀមលក្ខណៈដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋពេលមានបញ្ហាសុខភាព ជាពិសេសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ណាមួយនោះ ។

រដ្ឋមន្ដ្រីបន្ដថា «សូមបងប្អូនប្រជាពលរដ្ឋ ពេលមានបញ្ហាសុខភាព សូមប្រញាប់មកទទួលសេវាពិនិត្យព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពទូទាំងរាជធានីខេត្ដ ព្រោះយើងបានចាត់មន្ដ្រីក្រុមការងារ បានច្បាស់លាស់ត្រឹមត្រូវណាស់ ដើម្បីប្រចាំការសង្គ្រោះប្រជាពលរដ្ឋជាប់ជានិច្ច»។

ជាងនេះទៅទៀត រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋថា «ត្រូវគោរពស្រលាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ដូច្នេះត្រូវគោរពច្បាប់ចរចរណ៍ ជាជាងខ្លាចប៉ូលីសចរាចរណ៍។ ជាមួយគ្នានេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការបរិភោគចំណីអាហារគ្រប់ប្រភេទ ពិសេសបងប្អូននៅតាមសហគមន៍ ឬតាមជនបទ កុំពិសាស្រា.ស ដែលផលិតដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច និងមិនដឹងមកពីប្រភពច្បាស់លាស់នោះ»

ទន្ទឹមនឹងនោះ នាយកមន្ទីរពេទ្យរដ្ឋធំៗ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអនុវត្ដន៍នូវគោលការណ៍ការងារ ដែលរដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចាត់ចែង ដើម្បីត្រៀមសង្គ្រោះប្រជាពលរដ្ឋ បានយ៉ាងម៉ត់ចត់ផងដែរ ៕